ទស្សនៈរបស់សារព័ត៌មានមួយចំនួន ទាក់ទិននឹងដំណើរការបោះឆ្នោត

0
925

នៅថ្ងៃនេះមានសារព័ត៌មានមួយចំនួនបានបញ្ចេញមតិយោបលរបស់ខ្លួន ទាក់ទិនទៅនឹងដំណើរការបោះឆ្នោត ដែលយើងសូមដកស្រង់ចំណុចខ្លះមកផ្សាយជូនដូចខាងក្រោមៈ


ដោយទើសចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា សហរដ្ឋអាមេរិក បានចេញមុខមុនគេក្នុងការផ្តាច់ជំនួយលើការបោះឆ្នោត។ ប្រទេសមហាអំណាចមួយនេះ ក៏បានដាក់សម្ពាធថែមទៀត ដូចជា រឹតបន្តឹងការផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ជាដើម ។ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សទីមួយ ដែលសហរដ្ឋអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិ បន្ទាប់ពីព្រមានរួច។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ មូលហេតុចម្បង ដែលនាំឲ្យសហភាពអឺរ៉ុប ផ្តាច់ជំនួយនេះ គឺដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏ព្រមានផ្អាកការអនុគ្រោះពន្ធ ផងដែរ។ ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប សុទ្ធតែមិនឲ្យតម្លៃលើការបោះឆ្នោតនៅកម្ពុជា ប្រសិនបើ គណបក្សប្រឆាំងធំជាងគេ ពិតជាមិនបានចូលរួម។ ប្រទេសធំៗទាំងពីរនេះ ចាត់ទុកការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិ ថាប្រាសចាកពីគន្លងប្រជាធិបតេយ្យ។ ប្រទេសនូវែលសេឡង់ ដែលតំណាងឲ្យប្រទេស៣៤ផ្សេងទៀត បានធ្វើសេចក្តីថ្លែងការណ៍រួមមួយស្តីពីបញ្ហាកម្ពុជា យកទៅថ្លែងក្នុងកិច្ចប្រជុំលើទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ។ ចំណែក ជប៉ុន មិនសូវធ្វើជាអ្នកចេះដឹងពីបញ្ហានយោបាយ ឬផ្ទៃក្នុងកម្ពុជាប៉ុន្មានទេ នាពេលកន្លងមក។ លោកស្រី Mitsuko Shino តំណាងប្រទេសជប៉ុនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអានសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា រដ្ឋាភិបាលជប៉ុន បារម្ភយ៉ាងខ្លាំង ពីស្ថានការណ៍នៅកម្ពុជា។ តំណាងជប៉ុនរូបនេះ ជំរុញឲ្យគណបក្សកាន់អំណាចនៅកម្ពុជា និងអតីតគណបក្សប្រឆាំងចរចាឲ្យបានមុនការបោះឆ្នោត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា នៅតែមានចិន និងប្រទេសខ្លះទៀតបន្តគាំទ្រ។ ចិនប្រកាសថា រាល់វិធានការ ឬការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា គឺជារឿងផ្ទៃក្នុង។ម្យ៉ាងទៀត ចិន ក៏គាំទ្រការបោះឆ្នោតរបស់កម្ពុជាដែរ។ (Thmey.com ថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨)

ពលរដ្ឋជាម្ចាស់ឆ្នោតបញ្ចេញមតិផ្ទុយគ្នាជុំវិញការទៅបោះឆ្នោតដោយគ្មានគណបក្សសង្គ្រោះជាតិបន្ទាប់ពីអវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦នេះ ប្រជាពលរដ្ឋមួយចំនួននៅតែកាន់ជំហរទៅបោះឆ្នោត ក៏ប៉ុន្តែអ្នកខ្លះបេ្តជ្ញាមិន ចូលរួម អ្នកខ្លះទៀតទៅចូលរួមការបោះឆ្នោតដោយសារមានការបំភិតបំភ័យ។ លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ប្រាប់ VOA ថា ការដែលប្រជាពលរដ្ឋសម្រេចចិត្តទៅចូលរួមបោះឆ្នោតដោយស្ម័គ្រចិត្ត និងមានអ្នកខ្លះទៀតមិនព្រមទៅចូលរួមបោះឆ្នោតនោះ សុទ្ធតែជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពួកគេ។ ក៏ប៉ុន្តែលោក មាស នីបានសម្តែងការបារម្ភថា បើមានអ្នកដែលទៅបោះឆ្នោតដោយសារការភិតភ័យតាមរយៈពាក្យចចាមអារាមកន្លងមក គឺមានន័យថា ការបំភិតបំភ័យនោះមានឥទ្ធិពលខ្លាំងទៅលើអ្នកចូលរួមបោះឆ្នោត។ លោក មាស នី បានឲ្យដឹងបន្តដែរថា ទោះបីជាគណបក្សសង្គ្រោះជាតិមិនមានវត្តមានក្នុងការបោះឆ្នោតនេះក៏ដោយ តែសន្លឹកឆ្នោតដែលមិនបានការនិងចំនួនប្រជាពលរដ្ឋដែលមិនចូលរូមបោះឆ្នោតគឺអាចបញ្ជាក់ពីប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិបាន ។

យ៉ាងណាក៏ដោយ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែងប្រកាសថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាគ្មានការចូលរួមពីគណបក្សប្រឆាំង គ្មានការចូលរួមពីអ្នកសង្កេតការណ៍ និងគ្មានការទទួលស្គាល់លទ្ធផលបោះឆ្នោតដោយបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ ។ (VOA ថ្ងៃទី១២ ខែកក្កដា)

Facebook Comments
Loading...