រាជធានីភ្នំពេញ៖ ក្រោយពីបាត់មុខពីពិភពសិល្បៈជាច្រើនឆ្នាំមកនេះ គេមិននឹកស្មានថាម្ចាស់បទ«សុំមេមាន់មួយ» លោកចាន់ សម័យ ធ្លាក់ខ្លួនខ្លាំងខណៈត្រូវរ៉ាប់រងចិញ្ចឹមកូន៥នាក់ ។ លោកចាន់ សម័យ ធ្លាប់ទៅសម្តែងនៅសហរដ្ឋអាមេរិកសល់ប្រាក់បើកហាង ប៉ុន្តែបានខាតចុងខាតដើម ហើយបច្ចុប្បន្នគ្មានផ្ទះផ្ទាល់ខ្លួនស្នាក់នៅទេ គឺជួលផ្ទះគេនៅ ។ចំពោះការមានកូនទៅ៥នាក់នោះ គឺដោយសារភរិយារបស់លោកចាន់ សម័យ ពពោះ កូនភ្លោះពីរដង ។ ដោយបន្ទុកគ្រួសារកាន់តែ ធ្ងន់ទៅៗ ពេលទំនេរលោកចាន់ សម័យតែងតែទៅស្ទូចត្រី យកឲ្យប្រពន្ធធ្វើម្ហូប កាត់បន្ថយចំពោះការខ្វះខាតប្រាក់ទៅទិញម្ហូបម្ហាពីផ្សារ ។ ដែលកាន់តែធ្វើឲ្យលោកជួបការលំបាកក្នុងជីវិតថែមទៀតនោះគឺលោកមានជំងឺរបេងខួរឆ្អឹង (ជើងស្តាំ) ។ លោកចាន់ សម័យកន្លងមកមានបទចម្រៀង ល្បីៗមួយចំនួនដូចជា បទ «សុំមេមាន់មួយ» «ពិបាកចិត្តណាស់បំភ្លេចអូនមិនបាន» ជាដើម ។កាលពីពេល ថ្មីៗកន្លងតារាចម្រៀងលោក មាស សាលី បន្ទាប់ពីបានឃើញរូបភាពដើរស្ទូចត្រីបែបកម្សត់របស់លោកចាន់ សម័យ ដែលជាតារាចម្រៀងល្បីរួមជំនាន់ជាមួយគ្នាត្រូវគេបង្ហោះតាមហ្វេសប៊ុក មក ចង់ដឹងការពិត លោកក៏បានទៅដល់ផ្ទះនៅតំបន់ព្រែកលៀប ។ ពេលទៅដល់លោកមាស សាលី បានឃើញលោកចាន់ សម័យ រស់នៅផ្ទះជូលជាមួយប្រពន្ធ និងកូនៗ៥នាក់ ប្រុស២ ស្រី៣ ។ ពេលជួបមិត្តចាស់នោះលោកមាស សាលី បានជជែកសួររឿងជីវិត ប៉ុន្តែលោកចាន់ សម័យ ហាក់ខ្មាសអៀនមិនចង់បើកកកាយ ពិសេសឲ្យមហាជនដឹងទេ ។ លោកគ្រាន់តែបង្ហើបពីរឿងរ៉ាវ ខ្លះៗ ដែលបានជួបប្រទះ ធ្វើឲ្យលោកធ្លាក់ខ្លួនដល់ថ្នាក់នេះ ។ លោកថាលោកធ្លាប់រកសុីបរាជ័យ និងបាត់លុយនៅបរទេស ។ ជាពិសេសសព្វថ្ងៃលោកមានជំងឺរបេងឆ្អឹងប្រចាំកាយ ព្រមទាំងភ្លេចភ្លាំងច្រើន ជាពិសេសទំនុកច្រៀង ។ដោយក្តីអាណិតអាសូរចំពោះលោកចាន់ សម័យ ជួបការលំបាកក្នុងជីវិតបែបនោះ លោក មាស សាលី បានផ្ដល់ប្រាក់មួយចំនួនដើម្បីជួយសម្រួលដល់ជីវភាព ក្នុងនាមជាមិត្តភក្តិ ធ្លាប់តស៊ូក្នុងអាជីបសិល្បៈជាមួយគ្នា ។តាមទំព័រហ្វេសប៊ុកឈ្មោះ Movie Star Research របស់អតីតតារាសម្តែងសុិន ឧត្តមផល្លា ឲ្យដឹងថាកន្លងមកលោកចាន់ សម័យ ធ្លាប់ទៅច្រៀង និងសម្តែងនៅសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលលោកត្រឡប់មកប្រទេសកម្ពុជាវិញត្រូវចោរលួចកាបូប បាត់បង់ប្រាក់អស់គ្មានសល់ ។ ដូច្នេះហើយទើបធ្វើឲ្យលោកធ្លាក់ខ្លួនលំបាកលំបិន ។ បច្ចុប្បន្ននេះលោកមិនមានផ្ទះផ្ទាល់ខ្លួនស្នាក់អាស្រ័យទេ គឺនៅផ្ទះជួល ។មិត្តភក្តិជិតស្និទ្ធរបស់លោកចាន់ សម័យ បានប្រាប់អ្នកនាង សុិន ឧត្តមផល្លា ថា លោកចាន់ សម័យ ជួបបញ្ហាជាច្រើន ដូចជា គ្មានមធ្យោបាយក្នុងការធ្វើដំណើរទៅច្រៀង ជាដើម ។ ដូច្នេះហើយលោកតែងតែឲ្យមិត្តសិល្បៈជូនជានិច្ច តែមិនឲ្យជូនដល់ផ្ទះទេ គឺចុះតាមផ្លូវព្រោះមិនចង់ឲ្យដឹងពីស្ថានភាពលំបាករបស់ខ្លួន ៕
បាត់មុខជាង១០ឆ្នាំ!! លោកចាន់សម័យ ជំងឺរបេងខួរឆ្អឹង មិនអាចបន្តច្រៀងដូចមុន
Facebook Comments
Loading...