គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចនឹងត្រូវជួសជុលដោយអាជ្ញាធរជាតិអប្សរាបន្តពីភាគីបារាំង

0
1045

ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្ស ជួសជុល និងស្តារឡើងវិញដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ដែលចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩។ ប៉ុន្តែដោយមានកង្វះខាតផ្នែកថវិកានិងតាមការពិភាក្សាយ៉ាងហ្មត់ចត់រវាងស្ថាប័នពាក់ពន្ធ័ គម្រោងជួសជុលនឹងត្រូវប្រគល់មកអាជ្ញាធរជាតិអប្សរាជាអ្នកទទួលរ៉ាប់រងជួសជុលវិញ។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាពេលដឹកនាំក្រុមអ្នកជំនាញជាតិលើផ្នែកជួសជុលនិងអភិរក្សប្រាសាទទៅប្រាសាទមេបុណ្យខាងលិច បានឱ្យដឹងថា នាពេលអនាគតយ៉ាងខ្លី ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចដែលទទួលខុសត្រូវដោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលបារាំងនឹងត្រូវបានបញ្ចប់ទាំងស្រុងមុនកំណត់ ប៉ុន្តែការជួសជុលបន្តនឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងនិងទទួលខុសត្រូវវិញម្តង។

ឯកឧត្តមបន្តថា បើទោះបីជាមិនគ្រប់គ្រងការជួសជុលពេញដៃពេញជើងដូចមុន ក៏ភាគីបារាំងនៅតែបន្តគាំទ្រនិងជួយផ្តល់យោបល់ប្រឹក្សាបច្ចេកទេសដល់អ្នកជំនាញជាន់ខ្ពស់ខ្មែរគ្រប់ពេល។ មិនតែប៉ុណ្ណោះ ភាគីបារាំងក៏បានផ្តល់ព័ត៌មានលម្អិតអំពីវិធីសាស្ត្រនៃការជួសជុលកន្លងមកដល់អ្នកជំនាញជាតិដើម្បីស្វែងយល់ពីការងារឱ្យបានច្បាស់មុននឹងចាប់ផ្តើមការងារបន្ត។

តាមការពិនិត្យជាក់ស្តែង លទ្ធផលជួសជុលនៅប្រាសាទមេបុណ្យខាងលិចមានដូចជា ជួសជុលជញ្ជាំងផ្នែកខាងកើតនិងប៉មចំនួន២បានរួចរាល់ហើយ រីឯប៉ែកខាងលិច ខាងជើង និងខាងត្បូង បានរៀបចំពង្រឹងគ្រឹះដល់កាំទី៥ និងកាំទី៦។

សូមបញ្ជាក់ដែរថា ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុក្នុងឥរិយាបថផ្ទំមួយអង្គដែលសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ៕

Facebook Comments
Loading...