កងរាជអាវុធហត្ថកំពុងតាមប្រម៉ាញ់​ស្រីជើងខ្លាំង​ មឿន​ ស្រីទូច​

0
4009

ព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ ព្រះសីហនុ​ បានអោយ​ដឹងថា​ កម្លាំងកងរាជអាវុធហត្ថរបស់លោក​កំពុងតាមប្រម៉ាញ់ស្រីជើងឆើតឈ្មោះ​ មឿន​ ស្រីទូច​ ដែលកំពុង​រត់គេចខ្លួន​បន្ទាប់ពី​នាងប៉ុនប៉ង​សម្លាប់នាយអាវុធហត្ថខេត្តព្រះសីហនុម្នាក់​ពេលចុះបំពេញភារកិច្ចមិនបានសម្រេច​ ។​

តាម​ការ​រៀបរាប់​របស់​លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចំការ​នៅ​ចំណុច​ខាងលើ​នេះ​ថា មាន​ករណី​ជម្លោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ និង​កម្មករ​ចាំចំការ ដោយ​ឈ្មោះ មឿង ស្រី​ទូច ដែល​កន្លង​មក​អះអាង​ថា ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន​ប្រើ​ហិង្សា​ដុត​បំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង និង​ទទួល​បទបញ្ជា​របស់​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ ជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​បទបញ្ជា​របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​ប្រមាណ​ជិត​១១ ថ្ងៃ​ទី​០៩ ខែ​ មិថុនា ឆ្នាំ​ ២០១៨​ កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុត្តិ​ធម៌​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ទីតាំង​ដីចំការ​អ្នកស្រី មឿង ស្រី​ទូច ក្នុង​គោល​បំណង​​ពិនិត្យ និង​អញ្ជើញ អ្នកស្រី មឿង ស្រី​ទូច ព្រមទាំង​បក្សពួក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។

ពេលកម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់​ភ្លាម មឿង ស្រី​ទូច បាន​​ទូរស័ព្ទ​ឆ្វែ​ង​ឆ្វា​ត់​ ទំនងជា​រក​ការ​ជួយ​អន្តរាគមន៍ ពេល​នោះ​លោក ញា វិ​សិទ្ធ​បាន​អញ្ជើញ មឿង​ស្រី​ទូច និង​បក្សពួក​ដែល​គេ​អះអាង​ថា ជា​អង្គរក្ស​ឲ្យ​មក​កាន់​ទីបញ្ជាការ ដើម្បី​សួរនាំ​ទៅ​តាម​នីតិវិធី​។

លោក​បន្ត​បន្ថែម​ទៀត​ថា លោក​ក៏​ឡើង​ជិះ​រថយន្ត​៥៧០​ជាមួយ​មឿង ស្រី​ទូច បន្ទាប់​ពី​លោក​​ឡើង​ជិះ​នៅ​ក្នុង​រថយន្ត​ខាងលើ មឿង ស្រី​ទូច ឡើង​ទៅ​កាន់ចង្កូត​បើកបរ​ និ​ប្តូរ​ឲ្យ​អង្គរក្ស​របស់​គេ​មក​អង្គុយ​ជិត​លោក​វិញ ហើយ​ឡុកសោរទ្វាររថយន្តហាក់បីដូចជា​មាន​គំរោង​ផែនការ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​អ្វីមួយ​។ ប៉ុន្តែ​លោក​ញា វិ​សិទ្ធ យល់​ឃើញ​ថា យើង​មាន​កម្លាំង​នៅ​ក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផង​ដែរ ទំនងជា​មិន​មានរឿង​អ្វី​កើតឡើង​បាន​ទេ ។ តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​ទុកជា​មុន​ឯណា គ្រាន់តែ​ឡើង​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ធ្វើការ​ទាក់ទង មិន​ខុស​ពី​ក្លាយ​ខ្លួន​ពី​សមត្ថ​កិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ​។ ហើយ​ពួក​គេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅ​ទៅ​ភ្នំពេញ ធ្វើ​ឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិន​ទាន់​។ ដោយ​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​ក៏​សម្រេចចិត្ត​បើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​រង​របួស​ដាច់​រយះ​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំងស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។

បន្ទាប់​មក​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើក​ប្រដេញ​តាម​ក្រោយ​បាន​ដឹក​រូប​លោក​មក​កាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ដើម្បី​សង្គ្រោះ ដោយឡែក មឿង ​ស្រី​ទូច និង​អង្គរក្ស​នៅ​ក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ហេតុការណ៍​កើតឡើង​ក៏​មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផង​ដែរ ជា​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ។​

ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនស្រីជើងខ្លាំងឈ្មោះ​ មឿន​ ស្រីទូច​ ដើម្បីយកមកផ្ដន្ទាទោសចំពោះមុខច្បាប់​ ។​

កន្លងមក​ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើនមកប្រើដើម្បីគំរាមកំហែងគូរភាគីជំលោះក្នុងរឿងវិវាទដីធ្លី​នៅខេត្ត​ព្រះសីហនុ​ តែត្រូវបានថ្នាក់ដឹកនាំបដិសេធជាបន្ទាប់​មិនទទួលស្គាល់ទង្វើរបស់ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ទេ​ ។

Facebook Comments
Loading...