អ្នកវិភាគដ៏ល្បីនៅកម្ពុជា៖ សម រង្ស៊ី ក្បត់ព្រះមហាក្សត្រ ក្បត់កម្ពុជា

0
1417

(ភ្នំពេញ)៖ ហេតុតែចង់សម្រេចបំណងដ៏ឆ្កួតលេលារបស់ខ្លួនក្នុងការបំផ្លាញកម្ពុជា និងជាពិសេសគឺបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខ ទណ្ឌិត សម រង្ស៊ី មានសែស្រឡាយជនក្បត់ជាតិតពីឪដល់កូន ហ៊ានបំពាន និងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជាដោយ ថ្លើមធំហ៊ានបំភ្លៃទាំងបំពានថា ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គឺជាព្រះរាជសារក្លែងក្លាយ។

តើឈរលើមូលដ្ខានភស្តុតាងអ្វីដែល សម រង្ស៊ី ហ៊ានមួលបង្កាច់ថាព្រះរាជសាររបស់ព្រះមហាក្សត្រក្លែងក្លាយ ខណៈមន្ត្រីក្រសួងព្រះបរមរាជវាំង លោកទេសរដ្ឋមន្ត្រី កុយ សុផល បានអះអាងបញ្ជាក់ថា ជាព្រះរាជសារពិត មិនមែនក្លែងក្លាយដូចអ្វីដែលទណ្ឌិត សម រង្ស៊ី មួលបង្កាច់ឡើយ។

តើទង្វើរបស់ សម រង្ស៊ី និងគូកនដែលប្រព្រឹត្តដាក់ព្រះមហាក្សត្រខ្មែរ ដូច្នេះត្រឹមត្រូវដែរឬទេ?

ទី១៖ សម រង្ស៊ី និងគូកនដែលកំពុងឃោសនាបោកប្រាស់ថា ព្រះរាជសារព្រះមហាក្សត្រគឺជាព្រះរាជសារក្លែងក្លាយគឺជាការមួលបង្កាច់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រមាថស្ថាប័នព្រះមហាក្សត្រផងដែរ។ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រមិនអាចមាននរណារំលោភបំពានបានឡើយ។ ការប្រមាថព្រះរាជសាររបស់ ព្រះមហាក្សត្រ ដោយបានចោទថា ជាព្រះរាជសារក្លែងក្លាយ និងអំពាវនាវមិនឱ្យខ្វល់ខ្វាយព្រះរាជសាររបស់ព្រះមហាក្សត្រនោះ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះកិត្តិយស និងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ទង្វើនេះជាអំពើប្រមាថអង្គព្រះមហាក្សត្រ ល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌមាត្រា៤៣៧ស្ទួន ដែលកំណត់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។

ទី២៖ សម រង្ស៊ី និងគូកន ដែលកំពុងឃោសនាមិនឱ្យប្រជាពលរដ្ឋជឿថា ជាព្រះរាជសារពិត និងដើរតាមការអំពាវនាវរបស់ព្រះមហាក្សត្រគឺជាទង្វើប្រឆាំងនឹងស្តេចផែនដី ដែលបានអំពាវនាវប្រជានុរាស្ត្រព្រះអង្គអនុវត្តសិទ្ធិអំណាច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមែនជាការប្រឆាំងនឹងរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយដែលតែងតែជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តសិទ្ធិអំណាច និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។ អ្វីដែល សម រង្ស៊ី ធ្វើគឺបានបង្ហាញ ពីចរិតក្រអឺតក្រទម និងជាការចេញមុខប្រឆាំងនឹងព្រះមហាក្សត្រដោយចំហរ និងព្យាយាមទាញព្រះនាមព្រះករុណា ព្រះមហាក្សត្រ ចូលពាក់ព័ន្ធក្នុងរឿងនយោបាយ។

សម រង្ស៊ី មិនមែនបាននិងកំពុងព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា បំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាឡើយ តែកំពុងបំផ្លាញព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ដើម្បីជាការសងសឹកទៅនឹងភាពបរាជ័យដ៏អាម៉ាស់របស់ខ្លួន ដែលគ្មាននរណាអើពើជួយស្រោចស្រង់ខ្លួនពីទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងទង្វើល្មើសច្បាប់ម្តងហើយម្តងទៀតបាន។

ខណៈក្រុមអ្នកនយោបាយប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានញុះញង់ មិនឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារមួយអំពាវនាវដល់ជនរួមជាតិទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតអញ្ជើញ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសមេដឹកនាំប្រទេសជាតិដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿង។ ក្នុងព្រះរាជសារចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៨ ព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ទូលថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ស្រប តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភអំពីការគាបសង្កត់ គំរាមកំហែងឬសម្លុតពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឡើយ។

ព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ កាន់តែមានជំនឿទុកចិត្តទៅលើការបោះឆ្នោត និងមានការតាំងចិត្តខ្ពស់ទៅបោះឆ្នោតនាពេលខាងមុខ ដោយមិនបានខ្វល់នឹងការញុះញង់របស់ក្រុមប្រឆាំង ព្យាយាមបំបាត់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងការបំផ្លាញប្រជាធិបតេយ្យឡើយ។ កាលដែល សម រង្ស៊ី ចោទថា ជាព្រះរាជសារក្លែងក្លាយ គឺស្នើនឹងការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងព្រះមហាក្សត្រដែលជានិមិត្តរូបនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

ទង្វើរបស់ សម រង្ស៊ី និងគូកនគឺខុសជាន់លើខុស និងជាកំហុសនយោបាយយ៉ាងធ្ងន់ធ្ងរដែលទណ្ឌិត សម រង្ស៊ី បានចេញមុខប្រឆាំងនឹងព្រះមហាក្សត្រ ហើយក៏មិនមែនជាលើកទី១ ដែរដែលជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរ។ ស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការច្បាប់ប្រឆាំងនឹង ជនដែលប្រមាថព្រះមហាក្សត្រដូច សម រង្ស៊ី នេះដើម្បីពង្រឹងការអនុវត្តច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សូម្បីតែព្រះមហាក្សត្រដែលពលរដ្ឋខ្មែរគោរពប្រតិបត្តិ ស្រឡាញ់ស្មើជីវិត ក៏ សម រង្ស៊ី និងគូកនហ៊ានប្រមាថ ចុះទម្រាំប្រជារាស្ត្រធម្មតា តើក្នុងចិត្ត សម រង្ស៊ី ប្រមាថយ៉ាងណាទៅ? សម រង្ស៊ី ពេលនេះហ៊ានប្រមាថព្រះមហាក្សត្រ ហើយក៏មានន័យស្មើនឹងការប្រឆាំង នឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជានាពេលបច្ចុប្បន្នដែរ។

ប្រសិនបើ សម រង្ស៊ី និងក្រុមខ្លួនអាចឡើងកាន់អំណាចនៅកម្ពុជាបាននោះ សម រង្ស៊ី ក៏នឹងមិនញញើតក្នុងការផ្លាស់ប្តូររបបពីព្រះរាជាណាចក្រទៅជាសាធារណរដ្ឋផងដែរ ព្រោះពូជរបស់ សម រង្ស៊ី គឺជាជនក្បត់ជាតិដែលមានឈាមជ័រជាអ្នកប្រឆាំង ព្រះមហាក្សត្រតាំងពីដើមតរៀងមក។ ពលរដ្ឋខ្មែរទាំងអស់មិនសុខចិត្តឡើយចំពោះអំពើប្រមាថព្រះចេស្តា ព្រះមហាក្សត្រ របស់ សម រង្ស៊ី នេះ និងសូមអាជ្ញាធរពាក់ព័ន្ធ អនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង, ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៨

Facebook Comments
Loading...