ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរស្រុកតំបែរ មន្ទីរបរិស្ថានខេត្ត មន្ត្រីរាជការជុំវិញខេត្ត អាជីវករ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សា រួមគ្នាដាំកូនឈើ និងសម្អាតបរិស្ថានក្នុងបរិវេណសាលា នៅតាមដងផ្លូវ និងនៅទីប្រជុំជនផ្សារតំបែរ ក្នុងស្រុកតំបែរ ព្រមទាំងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងផ្តល់ធុងសម្រាម ដល់វិទ្យាល័យហ៊ុនសែនតំបែរ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក) ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ (រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក) បានឆ្លុះបញ្ចាំងពីឆន្ទៈរួម ដើម្បីកិច្ចគាំពារបរិស្ថាន និងភពផែនដីយើងទាំងអស់គ្នា ជាពិសេសការប្រារព្ធទិវារនេះឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្រប់ទៅតាមទស្សនទាន (ការអភិវឌ្ឍដោយចីរភាព) ។
លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ លើកឡើងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៨នេះ ធ្វើឡើងក្នុងន័យ ដើម្បីជាការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទីក គឺជារឿងចាំបាច់។ ការបំពុល ដោយប្លាស្ទីកនឹងធ្វើអោយប៉ះពាល់ដល់អាយុជីវិតមនុស្ស-សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះ កំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។
លោក គន់ សុភា គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះរាជរដ្ឋាភិបាល បានអនុម័តផែនការយុទ្ធសាស្ត្ររបស់ជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣ ដោយមានចក្ខុវិស័យគាំ្រកម្ពុជា ឆ្ពោះទៅសង្គមបៃតង ដែលបញ្ចេញកាបូនិច ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៍ ចីរភាព និងដោយ ពឹងផ្អែកលើចំណេះដឹងជាគោល ដើម្បីជាត្រីវិស័យតម្រង់ទិស សកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ។
ឆ្លៀតក្នុងឳកាសនោះ លោក អភិបាលរងខេត្ត សំណូមពរដល់បងប្អូនទាំងអស់ កុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងទឹក ជាពិសេស កុំដុតថង់ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន និងបំពុលបរិយាកាស ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នា ។
លោក គន់ សុភា ក៍បានជំរុញអាជ្ញាធរដែនដីរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ បំផុសចលនាមហាជន ឲ្យរៀបចំព្រឹត្តិការដ៍សំខាន់នេះ គ្រប់ទីតាំងនានា ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចេះស្រលាញ់បរិស្ថាន និងស្នើរអោយគ្រប់មជ្ឍដ្ឋានទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើងទាំងអស់គ្នា៕