ថ្ងៃទី២៨ ខែឧសភា ក្នុងកិច្ចប្រជុំស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត បានបញ្ជាកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយណា ដែលរារាំង និងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតនេះ ។
យើងត្រូវបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចជារាល់ឧបបាយកលពិសពុល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតឲ្យបានគ្រប់រូបភាព សំដៅធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា ។ គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវសមភាពចំពោះមុខច្បាប់ និងការផ្ដល់នូវសេវាសន្ដិសុខ ជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត វាគ្មិន តំណាង ឬភ្នាក់ងារ និងបេក្ខជនគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ។ គ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ស្មារតី និងឆន្ទៈស្នេហាជាតិ ត្រូវរួមសហការគ្នាសំដៅ និងធានាកិច្ចការពារកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានស្នើឲ្យខ្ញុំសូមគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ មានវិធានការចំពោះសកម្មភាពទាំងឡាយណារបស់ប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គមដែលល្មើសច្បាប់ ដោយផ្សព្វផ្សាយព័ត៌មានទុច្ចរឹត ក្នុងគោលបំណង៖ រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត,រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាតាមការកំណត់, ធ្វើឲ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត, ធ្វើឲ្យមានការភ័ន្ដច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត និងបង្កការរំខាន មិនឲ្យដំណើរបោះឆ្នោតបាន ។