(ភ្នំពេញ)៖ ទំនងប្រហែលជាអស់ច្រកត្រូវដើរហើយសម្រាប់ក្រុមអ្នកនយោបាយរត់ចោលស្រុក ទើបបានជាបែកគំនិតទាញផលប្រយោជន៍នយោបាយ ពីព្រះមហាក្សត្រខ្មែរដោយព្យាយាមយកព្រះនាម និងព្រះរាជតួនាទីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គមកភ្ជាប់នឹងទង្វើរំលោភច្បាប់របស់ខ្លួន ដែលបានអំពាវនាវមិនឱ្យពលរដ្ឋខ្មែរអនុវត្តសិទ្ធិអំណាចរបស់ខ្លួនទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។
អង្គព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ ទ្រង់គង់នៅខ្ពស់ពីលើគណបក្សនយោបាយនៅកម្ពុជា ព្រះអង្គគង់ជាអព្យាក្រឹត្យមិនគាំទ្រ ឬមិនពាក់ព័ន្ធនឹងគណបក្ស នយោបាយណាមួយឡើយ និងមិនយាងទៅបោះឆ្នោតឡើយ ដើម្បីរក្សាអព្យាក្រឹត្យភាពនេះ ទោះព្រះអង្គមានសិទ្ធិដូចជា ប្រជាពលរដ្ឋខ្មែរដទៃទៀតក៏ដោយ។
អ្វីដែល សម រង្ស៊ី កំពុងធ្វើនេះ គ្រាន់តែជាទង្វើដ៏ឆ្កួតលេលា និងជាការប៉ុនប៉ងបំបែកបំបាក់ជាតិ និងបំបែកបំបាក់ព្រះមហាក្សត្រនិងស្ថាប័នជាតិផ្សេងទៀត ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ នេះគឺជាល្បិចកលបំផ្លាញជាតិច្បាស់ ក្រឡែតនៅលើគោកដែលនរណាក៏ដឹងដែរ!
ចរិតជាជនវង្វេងជាតិ និងចូលចិត្តឱនក្បាលបម្រើជនបរទេសរបស់ សម រង្ស៊ី នៅតែមានភាពឆ្អិនឆ្អៅ និងកាន់តែគ្រោះថ្នាក់កាន់តែខ្លាំង នៅពេលដែលទណ្ឌិតរូបនេះព្យាយាមទាញយកសម្តីរបស់ជនបរទេសម្នាក់ ដែលពោរពេញទៅដោយនិន្នាការនយោបាយលម្អៀងទៅរកក្រុមប្រឆាំង ដែលបរិហារការបោះឆ្នោតនៅខ្មែរ ថាជា«ការបោះឆ្នោតក្លែងក្លាយ បើគ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិ» មកធ្វើជាទឡ្ហីករណ៍ថ្វាយព្រះមហាក្សត្រ នៃប្រទេសអធិបតេយ្យមួយ។ បើសម រង្ស៊ី ឱនក្បាលបរទេសគឺ សូមក្បត់ជាតិតែម្នាក់ឯងទៅចុះ និងសូមកុំព្យាយាមទាញពលរដ្ឋខ្មែរ ឱ្យក្លាយជាអាយ៉ងបរទេសដូចខ្លួនធ្វើអ្វី។
សម រង្ស៊ី ក៏គួរតែខំសិក្សាឱ្យបានច្បាស់ឡើងវិញពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កុំងប់នឹងច្បាប់បារាំង និងកុំធ្វើជាតួឯកនៅក្នុងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ គ្មានខ្មោចបក្សសង្គ្រោះជាតិមួយ គឺមានគណបក្សជាច្រើនទៀតដែលបាន ដើរតួនាទីក្នុងដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយលទ្ធិប្រជាធិបតេយ្យនេះមានសុខភាពល្អ ជាងពេលដែលមានវត្តមានបក្សសង្គ្រោះជាតិ ទៅទៀតព្រោះថា ពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិអំណាច សេរីភាពរបស់ខ្លួនបានយ៉ាងពេញលេញដោយក្តីសប្បាយចិត្ត ប្រទេសជាតិរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ។
នេះមិនមែនជាលើកទី១ ឡើយដែលទណ្ឌិត សម រង្ស៊ី បំពាន និងប្រព្រឹត្តកំហុសឆ្គងចំពោះអង្គព្រះម ហាក្សត្រជាទៅគោរពសក្ការៈរបស់ពលរដ្ឋខ្មែរ។ កំហុសដោយចេតនានេះគឺសំខាន់ សម រង្ស៊ី ធ្វើជាមិនដឹងអំពីច្បាប់រដ្ឋធម្មនុញ្ញដែលក្នុងនោះមាត្រា ៨ ចែងថា «…ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យនិងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា…»។ មាត្រា ៩ ចែងថា «ព្រះមហាក្សត្រមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យបានទៀងទាត់»។ ខ្លួនឯងបាននិង កំពុងបំផ្លាញសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងបំផ្លាញគ្រឹះ ប្រជាធិបតេយ្យដែលកំពុងតែរីកលូតលាស និង រស់រវើកឱ្យស្លាប់រលាយសាបសូន្យ និងចោទថារដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យ ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ ហេតុអ្វីបានធ្វើជាមើលមិនឃើញនិងបន្តបំពាន ហើយថែមទាំងព្យាយាមបំផ្លាញស្ថាប័នព្រះមហាក្សត្របន្ថែមទៀត? ទង្វើនេះកាន់តែបង្ហាញច្បាស់ថា ជនក្បត់ជាតិ សម រង្ស៊ី និងគូកន ដើម្បីតែបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន បានបាត់បង់អស់នូវសតិសម្បជញ្ជៈ មនសិការជាតិ និងស្មារតីស្នេហាជាតិពោលគឺក្នុងចិត្តរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកមានតែម្យ៉ាងប៉ុណ្ណោះ «គ្មាននរណាម្នាក់ល្អ និងមានបញ្ញាជាងខ្លួនឡើយ!»។
ដោយសារតែចេះជ្រុលដូច្នេះហើយបានជាខ្លះត្រូវជាប់គុក ខ្លះរត់ចោល ស្រុក និងខ្លះទៀតត្រូវបានដកសិទ្ធិមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ ជនទាំងនេះអាចនឹងប្រឈមមុខនឹង បាត់សិទ្ធិធ្វើនយោបាយ ៥ ឆ្នាំទៀត ប្រសិនបើនៅតែបំពានច្បាប់ម្តងហើយម្តងទៀត និងមានចេតនាបង្កភាព អស្ថិរភាព បង្កអសន្តិសុខ ជាពិសេសរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនាពេលខាងមុខ។
ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ និងទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេច ប៉ុន្តែការអំពាវនាវមិនឱ្យប្រជាពលរដ្ឋ អនុវត្តសិទ្ធិអំណាចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ និងសិទ្ធិពលរដ្ឋ និងនយោបាយគឺជារឿងខុសច្បាប់ ហើយចាំបាច់ត្រូវតែចាត់វិធានការច្បាប់ប្រឆាំង នឹងបទល្មើសច្បាប់នេះ។ ការអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាភាពស្របច្បាប់ដើម្បី លើកស្ទួយសេរីភាព និងអនុវត្តសិទ្ធិអំណាចដែល ប្រជាពលរដ្ឋមាន។ ប្រជាពលរដ្ឋក៏គួរអញ្ចើញទៅបោះឆ្នោតដើម្បីការពារសិទ្ធិអំណាច និងសេរី ភាព លទ្ធិប្រជាធិបតេយ្យ ដែលខ្លួនមាននៅពេលនេះ ព្រោះប្រទេសមួយចំនួន បាននិងកំពុងទាមទារឱ្យមានការបោះឆ្នោត អនុវត្តប្រជាធិបតេយ្យ។
ចុះបើកម្ពុជាមានការរៀបចំការបោះឆ្នោតហើយ ហេតុអ្វីគ្រាន់តែយើងចូលរួមលើកតម្កើងគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ តាមរយៈអញ្ជើញទៅបំពេញ កាតព្វកិច្ចជាប្រជា ពលរដ្ឋល្អនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ធ្វើមិនបាន? យើងជឿថាខ្មែរធ្វើបានទាំងអស់គ្នា! សប្បាយចិត្ត ឬ មិនទទួលយកការដឹកនាំនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន បងប្អូនគួរអនុវត្តសិទ្ធិជ្រើសរើស តាមរយៈសន្លឹកឆ្នោត មិនមែនតាមរយៈការចុះតាមផ្លូវតវ៉ា ឬការរំខាន និងបំផ្លាញការបោះឆ្នោតសព្វបែបយ៉ាងឡើយ មិនគួរលង់តាមមនោគមវិជ្ជាងុបងុលនឹងបរទេស និងសូមកុំចូល រួមបំផ្លាញជាតិជាមួយក្រុមអ្នកនយោបាយ រត់ចោល ស្រុកឡើយ! ខ្មោចដែលស្លាប់ទៅហើយ មិនរស់ឡើងវិញឡើយ ហើយពលរដ្ឋខ្មែរមិនគួរនៅវិលវល់នឹងអតីតកាលឡើយ គួរបោះជំហានទៅ មុខជាមួយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដែលកម្ពុជាមាននៅពេលនេះ និងលើកស្ទួយសិទ្ធិអំណាចដែលខ្លួនមាន៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨