សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការនី ជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

0
41706

នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រសហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួប សំណេះសំណាលប្រចាំសប្តាហ៍នេះគឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនី ដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនី ក្នុងខេត្តកំពង់ស្ពឺ នាពេលនេះ។ សម្តេចតេជោអរគុណជាខ្លាំងចំពោះ ការទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលពីកូនក្មួយកម្មករកម្មការនី។ ទន្ទឹមនឹង នេះដែរ សម្តេចតេជោបានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករកម្មការនីបានជួបជុំគ្នានិងឈប់សំរាកនៅល្ងាចថ្ងៃនេះដោយទទួលបានប្រាក់ឈ្នួលពេញ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីការវិឌ្ឍន៍រីកចម្រើននៃខេត្តកំពង់ស្ពឺ ដែលបានប្រែក្លាយពីខេត្តដែលធ្លាប់ទទួលរងនូវការខូចខាតខ្ទិចខ្ទាំដោយសង្គ្រាម ដូចជានៅតំបន់ឱរាល់ជាកន្លែងខ្មែរក្រហមដែលមានការប្រយុទ្ធគ្នាខ្លាំង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ គឺបានធ្វើឲ្យតំបន់នេះទៅជាតំបន់សន្តិភាពស្ថិរភាពរហូតមកដល់បច្ចុប្បន្ន។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានមោទនភាពចំពោះខេត្តកំពង់ស្ពឺដែលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសកើនឡើងចំនួន ២២៥ ដែលមានកម្មករនិយោជិត ប្រមាណ ៩៨,២១៣នាក់ ដែលបានផ្តល់ប្រាក់ឈ្នួលប្រមាណ ២២០លានដុល្លារក្នុង១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីមានការពង្រាយសាលារៀនឲ្យដល់កូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រហើយនោះ គឺពេលនេះត្រូវបែមកពង្រាយនិងពង្រីករោងចក្រឲ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ឱកាសការងារដល់កូនចៅប្រជាពលរដ្ឋមានការងារធ្វើគ្រប់ទីកន្លែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ហើយនឹងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ពួកគាត់ផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យកម្មករកម្មការនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា”សន្តិភាព”ឲ្យបានគង់វង្សដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ។ សម្តេចតេជោ បានស្នើសុំកុំឲ្យមានគ្រឿងញៀន និងបងតូចបងធំ (ជើងកាង)នៅតាមរោងចក្រអោយសោះ ដែលបង្កបញ្ហាផ្សេងៗដល់កម្មករយើង។ កូនក្មួយកម្មករកម្មការនីត្រូវរួមគ្នារក្សាការងាររបស់ខ្លួនអោយបានល្អ និងត្រូវគោរពគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រ និងកម្មករ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមការឲ្យដឹងពីក្រសួងសុខាភិបាលបានឲ្យដឹងថាស្ថានភាពជំអឺអេដស៍ហាក់បីដូចជាមានសន្ទុះងើបឡើងវិញបន្តិច។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ពិសេសយុវជនមានការប្រុងប្រយ័ត្នទាំងអស់គ្នា កុំមានការធ្វេប្រហែសឲ្យសោះ ជាពិសេសត្រូវមានដៃគូរស្នេហារមួយនិងមួយទើបមិនព្រួយឆ្លងជំងឺអេដស៍។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់អ្នកដែលមានលទ្ធភាពយកកម្មករទៅបម្រើកាងារ តាមផ្ទះ សូមមេត្តាគិតគូនិងយកចិត្តទុកដាក់ពីសុខទុក្ខកម្មករឲ្យបានត្រឹមត្រូវ ពីព្រោះកម្មករដែលបម្រើការងារតាមផ្ទះត្រូវទទួលបន្ទុកការងារច្រើនជាងកម្មករនៅតាមបណ្តារោងចក្រ។ ដូចនេះ សូមកុំត្រូវធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និង ដល់កម្មការនីមានផ្ទៃពោះចំនួន ៦៨២ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

Facebook Comments
Loading...