អាសូរ​យាយ ​ណាង គ្មាន​ប្រាក់​ដេក​ពេទ្យ ដល់​ថ្នាក់​ដោះ​យក​កងដៃ​ចៅ​​បញ្ចាំ​យក​លុយ​ទិញ​ថ្នាំ​លេប

0
21781

តារា​កំប្លែង​ជើង​ចាស់ ណយ សំណាង ដែល​មាន​ជំងឺ​ចុក​​ឆ្អល់​ធ្លាក់​ឈាម​​តាម​​ទ្វា​ធំ​មិន​បាត់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គិត​មក​ដល់​បច្ចុប្បន្ន​នោះ នៅ​មិន​ទាន់​ប្រសើរ​ឡើង​វិញ​ទេ ក្នុង​នោះ​ដោយសារតែ​គ្មាន​ប្រាក់ ​អ្នក​ស្រី​​​បង្ខំ​ចិត្ត​យក​កងដៃ​ចៅ ទៅ​បញ្ចាំ​ដើម្បី​ទិញ​ថ្នាំ​លេប និង​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ទៀត។

តារា​កំប្លែង​ជើង​ចាស់​រូប​នេះ សម្រាក​នៅ​គ្លីនិក​ឯកជន​​បាន​តែ​២ថ្ងៃ​ប៉ុណ្ណោះ ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​សម្រាក​​ព្យាបាល​នៅ​ផ្ទះ​វិញ។លោក យាយ ណាង បាន​ឲ្យ​ដឹង​ថា អាការ​ចុក​​ឆ្អល់​ធ្លាក់​ឈាម​​តាម​​ទ្វារ​ធំ​បច្ចុប្បន្ន​​លែង​មាន​ឈាម​​ធ្លាក់​ទៀត​ហើយ ប៉ុន្តែ​បែរ​ជា​បត់​ជើង​ធំ​មិន​ចេញ​ចេញ​ទៅ​វិញ។ អ្នក​ស្រី​បត់​ជើង​ធំ​មិន​ចេញ​៤ថ្ងៃ​មក​ហើយ ចំណែក​ការ​​ពិសា​អាហារ​វិញ នៅ​តែ​មិន​ទាន់​បាន​​ដដែល​គឺ បាន​តែ​បបរ​តិចៗ និង​ទឹក​តែ​ប៉ុណ្ណោះ។

តារា​កំប្លែង​វ័យ​ ៧៤ឆ្នាំ​រូប​នេះ​ បាន​បន្ត​ឲ្យ​ដឹង​ថា រយៈពេល​ដែល​អ្នក​ស្រី​បាន​សម្រាក​នៅ​ពេទ្យ​២ថ្ងៃ​កន្លង​ទៅ​នោះ បាន​ចំណាយ​អស់​ជាង​៣០០ ដុល្លារ។ តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ អ្នក​ស្រី​ថា តម្រូវ​ឲ្យ​​សម្រាក​ឲ្យ​បាន​​យ៉ាង​តិច​១សប្ដាហ៍ ដែល​ត្រូវ​ការ​ចំណាយ​ច្រើន​ទៀត។ ដូច្នេះ​ហើយ​ដោយ​សារ គ្មាន​ប្រាក់​​ក្នុង​ការ​បន្ត​ព្យាបាល​សុខភាព​​ទៀត​នោះ​ ក៏​សម្រេច​បង្ខំ​ចិត្ត​មក​ទិញ​ថ្នាំ​លេប​នៅ​ផ្ទះ​វិញ។

ដោយសារតែ​ក្នុង​បន្ទុក​​អ្នក​ស្រី ត្រូវ​ចិញ្ចឹម​ចៅ​រហូត​ដល់​ទី៦នាក់ ហើយ​អ្នក​ស្រី​លែង​សម្ដែង​​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ដូច​នេះ​ប្រាក់​ដែល​អ្នក​ស្រី​ធ្លាប់​រក​បាន​ប៉ុន្មាន​មក​គឺ ចាយ​វាយ​អស់​ហើយ​គ្មាន​សល់​នោះ​ឡើយ។ បច្ចុប្បន្ន​អ្នក​ស្រី​ថា បាន​តែ​កូន​ប្រុស​អ្នក​ស្រី​ម្នាក់​គត់ គឺ​លោក វណ្ណ​ស័ក្ដិ ជា​អ្នក​ជួយ​រក​ប្រាក់​ចិញ្ចឹម ប៉ុន្តែ​ទីផ្សារ​សិល្បៈ​​របស់​កូន​អ្នក​ស្រី ក៏​មិន​ទាន់​ទូលំ​ទូលាយ​ដែរ។

អ្នក​ស្រី​បន្ត​ទាំង​ទឹក​ភ្នែក​រលីងរលោង​ថា ម្សិលមិញ​​អត់​មាន​ប្រាក់​សោះ បង្ខំ​ចិត្ត​ដោះ​កង​ដៃ​ពី​ចៅ​​យក​ទៅ​បញ្ចាំ បាន​ប្រាក់​១៥០ ដុល្លារ យក​មក​ទិញ​ថ្នាំ និង​ម្ហូប ដោះ​ទ័ល​១គ្រា​សិន។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ស្រី ណយ សំណាយ បាន​ផ្អាក​ពី​សិល្បៈ​ជាង​២ឆ្នាំ​មក​ហើយ បន្ទាប់​ពី​សុខភាព​របស់​អ្នក​ស្រី ធ្លាក់​ចុះ​ខ្លាំង​។ មុន​មាន​ជំងឺ​នេះ សិល្បករ​វ័យ​៧៤ឆ្នាំ​រូប​នេះ ធ្លាប់​មាន​ជំងឺ​លើស​ជាតិ​ស្ករ និង​ទឹក​នោម​ផ្អែម។ រ៉ាំរ៉ៃ​ដោយ​ជំងឺ អ្នក​ស្រី​ថា ជាង​២ខែ​ហើយ​ដែល អ្នក​ស្រី មិន​អាច​ពិសា​បាយ​បាន គឺ​បាន​តែ​ទឹក និង បបរ​តិច​កួច​ប៉ុណ្ណោះ៕

Facebook Comments
Loading...