ខេត្តស្វាយរៀង ៖ នារីជានិស្សិតពេទ្យម្នាក់ ព្រោះតែប្រឡងថ្នាក់ជាតិមិនជាប់ ស្រាប់តែអស់សង្ឃឹមក្នុងជីវិត រហូតដល់គិតខ្លីលោតទឹកសម្លាប់ខ្លួន បង្កឱ្យមានការផ្អើលឆោឡោពីក្រុមគ្រួសារស្រែកទ្រហោយំ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ព្រមទាំងជួលអ្នកមុជទឹករាវរកសពនារីរងគ្រោះអស់ពេលជាច្រើនម៉ោង ទម្រាំប្រទះឃើញសព និងស្រង់យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ករណីនិស្សិតពេទ្យស្រី លោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្រឡងថ្នាក់ជាតិធ្លាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ខាងជើងអគារបុគ្គលិក Las Vegas Sun បាវិត ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។នារីគិតខ្លីដែលលោតទឹកធ្វើអត្តឃាត មានឈ្មោះសន ស្រីលៀង អាយុ៣០ឆ្នាំ មុខរបរជានិស្សិតពេទ្យ មានលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
តាមសម្តីបុរសជាឪពុកនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ (នារីរងគ្រោះ) គឺជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រខ្លាំងណាស់ រហូតដល់រៀនចប់នៅសាលាទៅហើយ តែមិនដឹងជាយ៉ាងម៉េច បែរជាប្រឡងថ្នាក់ជាតិមិនជាប់ទៅវិញ។ ក្រោយពេលដែលដឹងថា កូនស្រីរបស់គាត់ប្រឡងធ្លាក់ ពួកគាត់ជាឪពុកម្តាយបានព្យាយាមជួយនិយាយលួងលោម លើកទឹកចិត្តកូនស្រីច្រើនណាស់ថា មិនអីទេ ធ្លាក់ក៏ធ្លាក់ចុះ ចាំឆ្នាំក្រោយប្រឡងទៀត ក៏មិនថ្វីដែរ។ ប៉ុន្តែទោះជាពួកគាត់ប្រឹងលួងលោមយ៉ាងណា ក៏កូនស្រីនេះនៅតែបង្ហាញទឹកមុខស្រពាប់ស្រពោន និងមិនសូវនិយាយស្តីអ្វីទាំងអស់ ព្រមទាំងចេះតែសម្ងំក្នុងផ្ទះតែម្នាក់ឯងរហូត។
បុរសជាឪពុកនារីរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក៏មានការភ្ញាក់ផ្អើលថា កូនស្រីរបស់គាត់លោតទឹកសម្លាប់ខ្លួន ធ្វើឱ្យគាត់ប្រញាប់ទៅមើលនៅកន្លែងកើតហេតុភ្លាមៗ ក៏ប្រទះឃើញម៉ូតូរបស់កូនស្រី១គ្រឿង ម៉ាកធូដេ និងស្បែកជើង១គូ ព្រមទាំងមួក១ នៅជាប់មាត់ស្រះ។ ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោហៅអ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ព្រមទាំងបានជួលអ្នកមុជទឹកឱ្យចុះរាវរកសពកូនស្រីជាច្រើនម៉ោង រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ទើបរាវរកឃើញធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ ស្រែកទ្រហោយំ រហូតដល់ទន់ដៃជើងនិយាយលែងចេញ ព្រោះតែស្រណោះកូនស្រី មិនគួរណាគិតខ្លីបែបនេះសោះ។
ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារលោតទឹកធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។