រឿងរ៉ាវស្នេហាមួយបាននិងកំពុងកក្រើកបណ្តាញសង្គមថៃ ព្រោះតែរូបភាពជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលគ្រប់គ្នាពុំនឹកស្មានថា នាងសម្រេចចិត្តរៀបនឹងបុរសម្នាក់មានវ័យស្មើនឹងឪពុក ហើយថែមទាំងមានមុខមាត់អាក្រក់ទៀត ពោលគឺបុរសនោះខូចទ្រង់ទ្រាយមាត់ពីកំណើតគួរឲ្យខ្លាចតែម្តង ។
យោងប្រភពព័ត៌មានថៃ Sanook នារីជាកូនក្រមុំនោះឈ្មោះថា Bunmee និងមានអាយុទើបតែ ២១ ឆ្នាំ ប៉ុន្តែ ពុំបានបញ្ជក់ពីឈ្មោះ និងអាយុរបស់កូនកំលោះទេ ។
ទន្ទឹមនឹងមានអ្នកលេងអ៊ីនធើរមួយចំនួនគិតថា រូបភាពទាំងនោះ គឺគ្រាន់តែជារឿងកំប្លុកកំប្លែងប៉ុណ្ណោះ នាង Bunmee បានក៏បានបញ្ជាក់នៅលើហ្វេសប៊ុករបស់នាងថា ពួកគេទាំងពីរពិតជាបានរៀបការនឹងគ្នាមែន ដោយគ្រាន់តែរៀបចំពិធីសែនព្រានដ៏សាមញ្ញាប៉ុណ្ណោះ ដោយសារតែខាងប្រុសក្រក្សត់ និងពុំមានលទ្ធភាពលៃលកថ្លៃទឹកដោះសម្រាប់នាងទេ ហេតុនេះ ក្រុមគ្រួសារទាំងពីរ និងសាច់ញាតិ ក៏បានសម្រេចចិត្តផ្សំផ្គុំពួកគេត្រឹមពិធីសែនដ៏សាមញ្ញជាការបង្គ្រប់កិច្ចទៅ ។
នាងក៏បានទទួលស្គាល់ថា បុរសនៅក្នុងភូមិទាំងអស់ មានការច្រណែន និងសោកស្តាយនាងយ៉ាងខ្លាំង ដែលមិនគួរណានាងយកប្តីមិនស័ក្ខិសមនឹងរូបនាងបែបនេះ ។
ទោះយ៉ាងណា Bunmee នៅបានបង្ហើបឲ្យដឹងថា នាងធ្លាប់បានរៀបការ និងមានកូនម្នាក់ផងដែរ ។ ប៉ុន្តែ បានលែងលះគ្នា ដោយសារប្តីមុននោះគឺជាមនុស្សញៀនល្បែងខ្លាំងពេក ។ ចំណែកប្តីក្រោយនេះវិញ គាត់ជាមនុស្សល្អណាស់ និងលះបង់ក្តីស្រលាញ់យ៉ាងធំធេងចំពោះរូបនាង ៕