សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារនឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
ដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការសម្ភោធប្រកបដោយភាពល្អប្រសើរ នាថ្ងៃអាទិត្យ ០២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និងដាក់តាំងបង្ហាញសមុច្ចយនានាក្នុងសារមន្ទីរ។
សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រម៉ាណ២៣គីឡូម៉ែត្រពីរមណីយដ្ឋានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។