ខេត្តកណ្តាល៖ មនុស្ស២ស្លាប់និង២នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក ហើយរថយន្តបង្កនោះបានក្រឡាប់ទៅម៉ូតូ១គ្រឿងទៀតលើបណ្តោយផ្លូវជាតិលេខ១ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៌ដ៌គួរឲ្យរន្ធត់នេះកើតឡើងនៅថ្ងៃទី ១៨.០៣.២០១៨ វេលា ម៉ោង ០៦ : ៣០ នាទីចន្លោះគីឡូម៉ែត្រលេខ២៧ -២៨ចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ករណីនេះកើតឡើងរវាងរថយន្ត ម៉ាក KIA ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AF- 5752 បើកបរ ដោយជនមិនស្គាល់អត្តស្សញ្ញាណ បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះមកដល់កន្លែងកើតហេតុខាងលើ បានបើកជែងរថយន្ត១គ្រឿងទៀតជ្រុលទៅបុក ម៉ូតូសណ្តោារ៉ឺម៉ក ម៉ាក CITI PLUS ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1L-9356 បើកបរដោយ ឈ្មោះ ម៉ាក់ សាម៉េត ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នកដំណើរចំនួន២ នាក់ ឈ្មោះ អ៊ុំ សុវណ្ណឌី ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះអៀង យ៉េត ភេទស្រី អាយុ ៧៣ឆ្នាំមានទីលំនៅភូមិជ្រោយដងជាមួយគ្នា បើកបរក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្តបង្កខាងលើ បានក្រឡាប់ទៅបុកជាមួយម៉ូតូ ម៉ាកYAMAHA XT ពណ៌ស ប្រភេទប្រុស ពាក់ផ្លាកលេខ ភ្នំពេញ 1GH-2040 បើកបរដោយឈ្មោះយឹម ផា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត បណ្តាល បណ្តាលអោយអ្នកបើកម៉ូតូឈ្មោះ យឹម ផា ស្លាប់តាមផ្លូវនៅលើរថយន្តពេទ្យពេលបញ្ជូន ទៅមន្ទីរពេទ្យ អ្នកជិះរ៉ឺម៉ក ឈ្មោះអ៊ុំ សុវណ្ណឌី ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកឈ្មោះអៀង យ៉េត រងរបួសស្រាលនិងអ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះម៉ាក់ សាម៉េត រងរបួសស្រាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៌ស្រុកកៀនស្វាយចុះទៅធ្វើការវាស់វែងនិងប្រមូលយករថយន្ត បង្កហេតុនិងម៉ូតូ២គ្រឿងយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
តាមការសន្និដ្ឋានអ្នកបើកបររថយន្តបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ៕ សីហា