ភ្នំពេញ: នៅព្រឹកថ្ងៃទី១៧មីនា ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមចំនួន៥៦រូបរយៈពេល២ថ្ងៃមកនោះវគ្គសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិបានបញ្ចប់ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ារ័ត្ន សុខនជាប្រធានសហព័ន្ធ និង លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡា ។
ជាមួយគ្នានេះដែរសហព័ន្ធក៏បានប្រកាសតែងតាំងនូវទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធចំនួន៧រូបព្រមទាំងប្រគល់នូវលិខិតបញ្ជាក់ស្ដីពីកម្រិតដាន់ដល់កីឡាករកីឡាការិនីនិងគ្រូបង្វឹករបស់សហព័ន្ធនិងប្រគល់លិខិតថ្លែងអំណរគុនដល់ដៃគូ ដែល ជួយឧបត្ថម្ភនានាទៀតផង ។
សិក្ខាកាមទាំង៥៦រូបនេះមកពី៦ខេត្ត និង ក្លិបចំនួន៣ក្នុងរាជធានីភ្នំពេញ ។ វគ្គនេះបង្រៀនដោយលោកគ្រូធំមកពីប្រទេសវៀតណាមគឺលោកNguyen Van Cuong ដែលជាគ្រូរបស់សហព័ន្ធពីភពលោកទៀតផង ។វគ្គនេះមានការស្វែងយល់ពីប្រវត្តិវ៉ូវីណាម សិក្សាលម្អិតពីកម្រិតខ្សែក្រវាត់ បទបញ្ជានៃការប្រកួតទាំងវិញ្ញាសាប្រយុទ្ធ ទាំងវិញ្ញាសាសំដែង ពាក្យបច្ចេកទេសនៃប្រភេទកីឡាវ៉ូវីណាម របៀបផ្ដល់ពិន្ទុ ស្វែងយល់ពីចំណុចហាមឃាត់ក្នុងការវាយ មូលហេតុនៃការដកពិន្ទុ ការវាយគូប្រកួតឲ្យសន្លប់ ។
ស្វែងយល់ពីសម្លៀកបំពាក់អាជ្ញាកណ្ដាល ផ្ទៃទីលានសម្រាប់ប្រកួតជាផ្លូវការគឺ១០ម៉ែត្រគុណ១០ម៉ែត្រ ការសិក្សាពីកាយវិការអាជ្ញាកណ្ដាល និង ការស្វែងយលពីតារាងផ្ដល់ពិន្ទុ ។ នេះជាការសិក្សាលម្អិតទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលានផ្ទាល់តែម្ដង ។
សម្រាប់វគ្គនេះលទ្ធផលដែលទទលបាននោះគឺមានសិក្ខាកាមចំនួន៦០ភាគរយទទួលបាននិទ្ទេសល្អ ១០ភាគរយបាននិទ្ទេសមធ្យម និង ៣០ភាគយយស្ថិតក្នុងកម្រិតខ្សោយ ។