សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុម សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

0
2097

នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា (TYDA ) ដែលពិធីនេះ បានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

1

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ សមាគមនេះ បានចុះធ្វើសកម្មភាព មនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាពសាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង ចំពោះការជួបសំណេះសំណាលជា មួយសមាជិក សមាជិកា នៃសមាគមគ្រូពេទ្យ សម្តេចតេជោ នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមគ្រួសារសម្តេចតេជោ ជាពិសេសកូនៗរបស់សម្តេចផ្ទាល់តែងតែ ធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ដែលក្នុងនោះមានដូចជា មូលនិធិបាយ័ន ដែលមានសកម្មភាព ជួយដល់ជីវភាពកងទ័ពតាមព្រំដែន ការសាងសង់ផ្ទះជូនដល់ជនចាស់ជរា និងសកម្មភាពមនុស្សធម៌មួយចំនួនទៀត។ ក្រោយមកទៀតក៏មានការបង្កើតជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើងដែលបានធ្វើសកម្មភាពជាបន្តបន្ទាប់ក្នុងការជួយដល់វិស័យសុខាភិបាលដើម្បីថែទាំសុខុមាភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរំលឹកពីការវិវឌ្ឍន៍នៃវិស័យសុខាភិបាល ដែលកន្លងមកបានឆ្លងកាត់នូវការលំបាកជាច្រើន ទម្រាំមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ពេលដែលប្រទេសយើងជួបនូវសង្គ្រាមក្នុងអតីតកាល គឺយើងមិនមានបច្ចេកវិទ្យាសុខាភិបាល ឬថ្នាំសង្កូវអ្វីល្អៗសម្រាប់ព្យាបាលជំងឺនោះទេ ក៏ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញមក កម្ពុជាបានរៀបចំប្រព័ន្ធសុខាភិបាលឲ្យមានលក្ខណៈកាន់តែល្អប្រសើរជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនទាំងឡាយ ដែលកន្លងមកបានចូលរួមចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបណ្តាមន្ទីរពេទ្យនានាដែលបានចូលរួមផ្តល់គ្រូពេទ្យស្ម័គ្រចិត្តដើម្បីចុះជួយព្យបាលជំងឺជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ចាប់តាំងពីការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះមក គឺបានទទួលព្យាបាលជំងឺជូន ប្រជាពលរដ្ឋក្រីក្រប្រមាណជាង ២៤ ម៉ឺននាក់ផងដែរ ជាពិសេសផ្តោតលើជំងឺមហារីក។ កន្លងមកនេះ ក៏មានការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសកូរ៉េទៀតផង។ តាមរយៈសកម្មភាពទាំងនេះ ក៏បានផ្តល់ឱកាសដល់និសិ្សតពេទ្យក្នុងការចុះធ្វើកម្មសិក្សា និងដកស្រង់បទពិសោធន៍ផ្សេងៗ ក្នុងពេលដែលចុះទៅព្យាបាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សម្តេចតេជោ មានមោទនភាព និងគាំទ្រសកម្មភាពនេះជាបន្តទៀត។

ដើម្បីអោយការងារ TYDA កាន់តែមានប្រសិទ្ឋភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួន:
១)បន្តការខិតខំលើការងារនេះបន្តទៀត ជាពិសេសបង្កើនឧបករណ៍បរិក្ខារពេទ្យសម្រាប់បម្រើសកម្ម ភាពទាំងនេះ ហើយត្រូវធ្វើយ៉ាងណាឲ្យសកម្មភាពនេះបានទៅដល់កម្មករតាមរោងចក្រផងដែរ។

២)ត្រូវពង្រឹងសមត្ថភាពពេទ្យ និងវិជ្ជាជីវៈពេទ្យឲ្យបានត្រឹមត្រូវ និងល្អប្រសើរក្នុងការបម្រើសេវាសុខុមាលភាពជូនប្រជាពលរដ្ឋ។ ត្រូវចូលរួមពង្រឹកសីលធម៌គ្រូពេទ្យគ្រប់ទីកន្លែងដើម្បីធ្វើឲ្យវិស័យនេះ កាន់តែមានប្រសិទ្ធភាព។

៣)សូមកុំទុកអ្នកជំងឺដែលមកព្យាបាលនៅកន្លែងយើងហើយដោយមិនបានព្យាបាល។ ត្រូវតែបញ្ជូនអ្នកជំងឺទៅពេទ្យណាដែលអាចជួយស្រោចស្រង់គាត់បាន និងយកចិត្តទុកដាក់ឲ្យបានដិតដល់។

៤)ត្រូវព្យាបាលអ្នកជំងឺដោយមិនប្រកាន់និន្នាការនយោបាយនោះទេ មិនថាអ្នកជំងឺនោះមកពីបក្ស ណានោះទេ គឺត្រូវតែខិតខំយកចិត្តទុកដាក់ព្យាបាលឲ្យបានជាសះស្បើយ។

៥)បន្តសហការជាមួយដៃគូរប្រទេសនានាដែលគេចង់ជួយ ពីព្រោះជួនកាលប្រទេសជាដៃគូរមាន បច្ចេកទេសល្អៗដើម្បីជួយលើវិស័យនេះអោយកាន់តែល្អប្រសើរ ដូចច្នេះត្រូវមានការសហការគ្នាជាមួយដៃគូរបរទេសជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ សមាជិក សមាជិកា ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមខិតខំអនុវត្តន៍ការងារមនុស្សធម៌នេះឲ្យបានកាន់តែល្អ នឹងទទួលបានជោគជ័យជាបន្តទៀត៕

2

3

4

5

Facebook Comments
Loading...