គណៈកម្មការចម្រុះ ចុះបញ្ឈប់សកម្មភាពបំពាននិងរុះរើសំណង់ខុសច្បាប់លើកម្មសិទ្ធិដីរដ្ឋជាលើកទី២

0
6246

នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា មន្ត្រីសាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របស្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះប្រតិបត្តិការរុះរើបង្គោលរបងព័ទ្ធលួសបន្លាខុសច្បាប់របស់ឈ្មោះ ហួន សីហា នៅលើទីតាំងចំនួន២ក្បាលដី ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ជាកម្មសិទ្ធិឯកជនរបស់រដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលលោក ហួន សីហា និងបក្ខពួកបានសាងសង់ឡើងវិញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីក្រុមគណៈកម្មការចម្រុះរុះរើរួចកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

ការចុះអនុវត្តការងារជាថ្មីនេះ ដោយសារឈ្មោះ ហួន សីហា និងបក្ខពួកមិនខ្លាចញញើត នៅតែបំពាន ផ្គើនចំពោះច្បាប់ហាមឃាត់ ដោយបាននាំគ្នាសង់របងលួសជាថ្មី ហើយដកបង្គោលដែលក្រុមគណៈកម្មការចម្រុះបានបោះជាសម្គាល់ចោល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ពេលកំពុងអនុវត្តការងាររុះរើ ពុំបានឃើញវត្តមានឈ្មោះ ហួន សីហា នៅក្នុងទីតាំងឡើយ មានតែបក្ខពួកពីរនាក់ដែលនៅចាំដី ហើយក្រុមសមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលពីររូបនោះ ដើម្បីយកទៅសាកសួរ។

គួរបញ្ជាក់ផងដែរថា សំណង់រោងចាំដី របងថ្មដែលឈ្មោះ ហួន សីហា និងបក្ខពួកបានសាងសង់នោះ ត្រូវបានគណៈកម្មការចម្រុះចុះបញ្ឈប់សកម្មភាពនិងរុះរើម្តងរួចមកហើយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨កន្លងមក៕














Facebook Comments
Loading...