រមណីយដ្ឋានអង្គរ៖ ទោចម្កុដគូរទី៣ត្រូវបានព្រលែងក្នុងព្រៃឧទ្យានអង្គរ

0
270712

សត្វទោចម្កុដគូទី៣ ត្រូវបានអាជ្ញាធរជអប្សរា និងអង្គការដៃគូ ធ្វើការព្រលែងនៅក្នុងព្រៃនៃឧទ្យានអង្គរ។ ការព្រលែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅខ្លោងទ្វារតាកាវនៃទីក្រុងអង្គរធំ។

716x266_Apsara_2018-01-19_08-56-34-S

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរអប្សរា បានឱ្យដឹងថា បច្ចុប្បន្នព្រៃឧទ្យានអង្គរមានសត្វទោចចំនួន១០ក្បាលហើយ។ ទោចម្កុដដែលព្រលែងនៅពេលនេះ មានចំនួន៣ គឺមេមួយ ឈ្មោលមេ និងកូនមួយ ដែលកូនបានកើតក្នុងទ្រុង ហើយក្រុមការងារបឆនផ្សុំាក្នុងទ្រុងអស់រយៈពេលប្រមាណមួយឆ្នាំ មុនធ្វើការព្រលែង។

លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងដែរថា សត្វទោចម្កុដដែលយកមកព្រលែងនៅពេលនេះ គឺនាំយកពីសួនសត្វតាម៉ៅ។ លោកបន្ថែមថា ការព្រលែងនេះធ្វើឡើងបន្ទាប់ពីយើងជោគជ័យក្នុងការព្រលែងសត្វទោចក្នុងព្រៃឧទ្យានអង្គរនាពេលកន្លងមក។

តាមការសិក្សាស្រាវជ្រាវកន្លងមក ឃើញថា តំបន់អង្គរធ្លាប់មានប្រភេទសត្វទោចរស់នៅ ប៉ុន្តែវាត្រូវបានផុតពូជទៅវិញនៅអំឡុងពេលមានសង្រ្គាមស៊ីវិល។ ដូច្នេះអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមគម្រោងស្ដារសត្វព្រៃឡើងវិញក្នុងតំបន់អង្គរ ហើយបាននាំប្រភេទសត្វព្រៃដែលធ្លាប់មាននៅតំបន់អង្គរមកវិញ ដូចជាសត្វទោចជាដើម។

សត្វទោចជាប្រភេទសត្វព្រៃចូលចិត្តរស់នៅដាច់ឆ្ងាយពីគេឯង ឫអាចនិយាយបានថា ចន្លោះព្រៃ២០ហិកតា រស់នៅបានមួយគូ។ ចំណីរបស់វា រួមមានស្លឹកឈើ ផ្លែឈើ និងប្រភេទសត្វល្អិតផ្សេងៗ។ សត្វទោចចាប់ផ្តើមមានកូននៅអាយុ ៥ឆ្នាំ ហើយចន្លោះពេលនោះ វានឹងមានកូនម្តងទៀត ក្រោយកូនរបស់វាមានអាយុពី៣ឆ្នាំឡើងទៅ។

គួររម្លឹកថា អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័ន។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកគូទី២ នៅខ្លោងទ្វាប្រាសាទ ក៏បានបង្កើតកូនមួយក្បាលផងដែរ។ សរុបទាំងអស់ សព្វថ្ងៃនៅក្នុងព្រៃឧទ្យានអង្គរមានសត្វទោចចំនួន ១០ក្បាល រាប់ទាំងការព្រលែងជាលើកទី៣នេះ៕




Facebook Comments
Loading...