អាជ្ញាធរជាតិអប្សរា ៖ ស្វែងយល់ពីរបៀបជួសជុលបំណែកកុលាលភាជន៍ខ្មែរបុរាណ

0
17927

សម្ភារៈប្រើប្រាស់បុរាណដែលបុព្វបុរសបានផលិតឡើងពីដីដុតដូចជា ក្អម ខួច ចាន ពែង ជាដើម ត្រូវបានអ្នកស្រាវជ្រាវកំណត់ឈ្មោះជារួមថា កុលាលភាជន៍ (Ceramic)។ រយៈពេលជាង២០ឆ្នាំនៃការធ្វើកំណាយ អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា និងដៃគូបរទេសបានរកឃើញនិងប្រមូលបំណែកកុលាលភាជន៍បានជាង៩ម៉ឺនបំណែក យកមករក្សាទុកក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា។

បច្ចុប្បន្ន ក្រុមការងារនៃអង្គភាពកុលាលភាជន៍អង្គរកំពុងធ្វើការចុះបញ្ជី និងជួសជុលនូវបំណែកធំៗ ដើម្បីឲ្យលេចចេញជារូបរាងដើមនៃកុលាលភាជន៍បុរាណឡើងវិញ។ រហូតមកទល់ពេលនេះ អ្នកជំនាញសម្រេចការជួសជុលបានចំនួន១៩កុលាលភាជន៍ និងកំពុងបន្តជួសជុលនូវបំណែកផ្សេងៗទៀត។

លោក ធី សេរីវុឌ្ឍ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា និងទទួលបានការបណ្តុះបណ្តាលបន្ថែមលើការជួសជុលកុលាលភាជន៍បុរាណ ដែលកំពុងបំពេញការងារផ្នែកជួសជុលនៅក្នុងអង្គភាពនេះបានបញ្ជាក់ថា ការងារជួសជុលកុលាលភាជន៍បុរាណត្រូវធ្វើឡើងជា៥ដំណាក់កាល គឺ ការសម្អាត ការតភ្ជាប់ ការបំពេញចន្លោះដោយម្នាងសិលា ការលាបថ្នាំ និងការចុះលេខបញ្ជី។

លោក សេរីវុឌ្ឍ ពន្យល់បន្តថា ដំណាក់កាលទី១ ជាដំណាក់កាលសម្អាតកម្ចាត់សារធាតុអំបិលដែលតោងស្អិតនៅជាប់កុលាភាជន៍ចេញ ដោយយកកុលាលភាជន៍ទៅត្រាំទឹកស្អាត។ ដំណាក់កាលទី២ គឺពង្រឹងមុខកាត់ដែលបែក រួចយកបំណែកកុលាភាជន៍ទាំងនោះមកផ្គុំបញ្ចូលគ្នាដើម្បីរកបំណែកដែលបាត់ ឬខូចខាត។ ដំណាក់កាលទី៣ គឺ ត្រូវប្រើប្រាស់ម្នាងសិលាយកមកបិទបំពេញចន្លោះ ក្នុងករណីដែលបំណែកកុលាភាជន៍មានការបាត់បង់ត្រង់ចំណុចរឹងមាំ។ ដំណាក់កាលទី៤ គឺលាបពណ៌លើម្នាងសិលាដើម្បីអោយពណ៌ស៊ីគ្នានឹងកុលាលភាជន៍។ ដំណាក់កាលទី៥ ដែលជាដំណាក់កាលចុងក្រោយ គឺ អ្នកអភិរក្សត្រូវចុះបញ្ជីសារពើភណ្ឌទៅក្នុងប្រព័ន្ធទិន្នន័យ ស្តីពីប្រវត្តិនៃការជួសជុលកុលាលភាជន៍នីមួយៗដើម្បីទុកជាឯកសារ។

កុលាលភាជន៍ដែលបានជួសជុលហើយ នឹងត្រូវយកទៅដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនា នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។ តាមរយៈពិព័រណ៍នេះ នឹងជួយឲ្យសាធារណជនបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌ បណ្តុះចិត្តគំនិតស្រឡាញ់ និងចូលរួមថែរក្សាការពារទាំងអស់គ្នា៕

Facebook Comments
Loading...