សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គររបស់អាជ្ញាធរជាតិអប្សរាឆ្នាំ២០១៧-២០១៨ នៅតែបន្តភាពវិជ្ជមាន

0
29456

បន្ទាប់ពីធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ពេលនេះបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ចំពោះលទ្ធផលសរុបដែលទទួលបានពីការធ្វើសវនកម្មផ្ទៃក្នុងចំនួន២ថ្ងៃកន្លះមក បង្ហាញថា នាយកដ្ឋាននិងអង្គភាពចំនួន១៦នៃស្ថាប័នអាជ្ញាធរជាតិអប្សរា នៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ។ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន២៩ចំណុច អនុសាសន៍ដែលទទួលបានពីសវនករចំនួន១៤ចំណុច ដែលតម្រូវឱ្យនាយកដ្ឋាននីមួយៗធ្វើការកែលម្អឡើងវិញ និងចំណុចប្រសើរ១៥ចំណុច (ការអនុវត្ត ដំណើរការ និងទទួលបានលទ្ធផលបម្រុងទុកឆ្នាំ២០១៧)។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន មណីនីតា ប្រធានសវនករផ្ទៃក្នុង។

ឯកឧត្តម សុខ លក្ខិណា ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងនិងការលំបាករបស់សវនករទាំងអស់ដែលបានជំរុញឱ្យការធ្វើសវនកម្មប្រកបដោយលទ្ធផលគាប់ចិត្ត បើទោះបីយើងទើបនឹងចាប់ផ្តើមអនុវត្តស្តង់ដារថ្មី ISO14001-2015 ក៏ដោយ។ បើទោះបីលទ្ធផលសវនកម្មមិនមានភាពមិនអនុលោម អ្នកជំរុញមានចំនួនច្រើន មានចំណេះដឹងប្រសើរ និងជំនាញជាងមុនទាក់ទងនឹងស្តង់ដារប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្មីក៏ដោយ តែវានៅមិនទាន់សមល្មមនឹងអ្វីដែលយើងចង់បានឡើយ។

ឯកឧត្តម ក៏សូមលើកទឹកចិត្តអ្នកជំរុញទាំងអស់ឱ្យខិតខំប្រឹងប្រែងបន្តទៀត ព្រោះបើនាយកដ្ឋានណាមួយជួបនូវបញ្ហាភាពមិនអនុលោមកើតឡើងនោះ នឹងមានផលប៉ះពាល់ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ដោយសារការងារនេះជាប្រព័ន្ធ។ សូមកុំតូចចិត្តនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន តែលទ្ធផលនិងកិត្តិយសបានទៅលើស្ថាប័នដទៃ សូមធ្វើដើម្បីអង្គរ ព្រោះមានតែតំបន់បេតិកភណ្ឌអង្គរតែមួយប៉ុណ្ណោះដែលមានស្តង់ដារISOផ្នែកបរិស្ថាន ឯតំបន់បេតិកភណ្ឌពិភពលោកនៅបណ្តាប្រទេសផ្សេងៗនៅមិនទាន់មាននៅឡើយ នេះជាកិត្តិយសណាស់សម្រាប់កម្ពុជា៕

Facebook Comments
Loading...