អាជ្ញាធរជាតិអប្សរាបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរសម្រាប់ឆ្នាំ២០១៧ និង២០១៨

0
13148

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បាន បើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៧។

716x266_APSARA_2017-12-26_01

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ចូលរួមជាកិត្តិយស។

ឯកឧត្តម សុខ លក្ខិណា បានបញ្ជាក់ពីគោលបំណងនៃការបើកសវនកម្មផ្ទៃក្នុងថា ដើម្បីត្រួតពិនិត្យឡើងវិញនូវអ្វីជាភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចល្អប្រសើរនៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នអន្តរជាតិចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរានាដើមឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមក៏បានបញ្ជាក់ដែរ នេះជាឆ្នាំទី១៤ហើយដែលអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរបានចាប់ដៃគូជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) អនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរឱ្យតាមស្តង់ដារអន្តរជាតិ ហើយក៏ជាឆ្នាំទី១នៃការអនុវត្តស្តង់ដារថ្មី គឺISO14001-2015។ បច្ចុប្បន្នចំពោះការធ្វើសវនកម្មកាន់តែប្រកបដោយភាពល្អប្រសើរ ព្រោះចំនួនសវនករ មានចំណេះ ជំនាញ និងសមត្ថភាពកាន់តែច្រើន ហើយសង្ឃឹមនឹងទទួលបានវិញ្ញាបនបត្រជាថ្មីម្តងទៀត។ រយៈពេល១៤ឆ្នាំមកនេះ ស្ថាប័នអាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្រចំនួន៤ដងរួចមកហើយ មានឆ្នាំ២០០៤ ឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១២ និងឆ្នាំ២០១៥។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានរំឭកពីគុណបំណាច់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានគាំទ្រនិងជំរុញការបណ្តុះបណ្តាលធនធានមនុស្សដើម្បីភាពល្អប្រសើរទាំងក្នុងស្ថាប័ននិងរមណីយដ្ឋានអង្គរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងសវនករទាំងអស់ដែលបានជួយជំរុញការធ្វើសវនកម្មកន្លងមកបានទទួលជោគជ័យនិងកិត្តិយសសម្រាប់ស្ថាប័នជាបន្តបន្ទាប់។ យើងត្រូវដឹងថា ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី សាសនា ស្ថាបត្យកម្ម វិស្វកម្ម រួមបញ្ចូលទាំងបរិស្ថានជុំវិញបេតិកភណ្ឌផង ទើបធ្វើឱ្យអង្គរទទួលបានតម្លៃនិងជាប់ជាគោលដៅទេសចរណ៍លេខ១ដល់ទៅ៣ឆ្នាំជាប់គ្នា ហើយលទ្ធផលនេះ ក៏បានពីការយកចិត្តទុកដាក់និងមានការធានាគុណភាពបរិស្ថានតាមស្តង់ដារអន្តរជាតិដែលតែងទទួលជោគជ័យពីការធ្វើសវកម្មកន្លងមក៕

Facebook Comments
Loading...