បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលពីអ្នកជំនាញកូរ៉េផ្នែកពិសោធភាពរឹងមាំរបស់ សម្ភារៈដើម្បីជួសជុលសំណង់បុរាណក្នុងឧទ្យានអង្គរ

0
26800

បុគ្កលិកអាជ្ញាធរជាតិអប្សរាចំនួន១០រូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលអំពីការពិសោធន៍ភាពខ្លាំងនិងភាពខ្សោយនៃ បណ្តុំសម្ភារៈសំណង់សម្រាប់ជួសជុលប្រាសាទក្នុងឧទ្យានអង្គរពីសំណាក់អ្នកជំនាញកូរ៉េនៃគម្រោង អភិរក្សក្រុមប្រាសាទព្រះពិធូរ។

វគ្គសិក្សានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើទ្រឹស្តី ការអនុវត្តផ្ទាល់លើការពិសោធន៍សម្ភារៈ ការលាយបាយអរជាដើម។

សាស្ត្រាចារ្យ Yu Hye Ran បណ្ឌិតវិស្វករសំណង់ស្ថាបត្យកម្ម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនឱ្យដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់សម្ភារៈដែលយើងត្រូវប្រើដើម្បីជួសជុលសំណង់ប្រាសាទ ដូចជាឈើ ឥដ្ឋ ថ្ម ជាដើម។ ជាការពិតណាស់ មុននឹងជួសជុសប្រាសាទនីមួយៗ យើងត្រូវសិក្សានិងវិភាគទៅលើគ្រឿងបង្គុំសំណង់ ពិសេសជាងនេះទៅទៀត ថ្មប្រាសាទមានច្រើនប្រភេទ ដែលទាមទារចាំបាច់ឱ្យយើងត្រូវដឹងពីភាពធន់នៃសម្ភារៈ ដែលអាចធានាបាននូវទម្ងន់សង្កត់របស់សំណង់បុរាណ ដើម្បីឱ្យការជួសជុលធានាគុណភាពយូរអង្វែង។

អ្នកស្រីសាស្ត្រាបន្តទៀតថា វគ្គនេះបង្រៀនទាំងទ្រឹស្តីនិងការពិសោធន៍ផ្ទាល់លើសម្ភារៈសំណង់សម្រាប់ជួសជុល ដោយឈើ ការបង្គុំឥដ្ឋតាន់ ឥដ្ឋប្រហោង ការលាយបាយអរ លាយបេតុង ដើម្បី យកទៅពិសោធន៍នឹងម៉ាស៊ីនUTM (ម៉ាស៊ីនពិសោធន៍ថ្ម)។ ពេលពិសោធន៍រួច យើងនឹងយកលទ្ធផលដែលទទួលបានមកពិភាក្សាគ្នា ហើយយកទៅអនុវត្តនៅការដ្ឋានផ្ទាល់ដែលចំណេញទាំងពេលវេលា ថវិកា និងធានាបាននូវគុណភាពខ្ពស់ ព្រោះយើងបានដឹងពីកម្លាំងទ្រទម្ងន់ច្បាស់លាស់។

លោក ស៊ី បាសិទ្ធិ វិស្វករសំណង់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងតំបន់អង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា វគ្គនេះបង្រៀនឱ្យយើងចេះប្រើម៉ាស៊ីនពិសោធភាពរឹងមាំនៃឈើ ថ្ម ឥដ្ឋ បេតុង ដឹងពីរបៀបមើល និងចេះការងារលាយកំបោរ ការលាយបេតុង និងទ្រឹស្តីមួយចំនួនទាក់ទង នឹងការងារពិសោធន៍ដែលអាចយកទៅអនុវត្តផ្ទាល់ក្នុងការជួសជុលប្រាសាទ ពិសេសធ្វើឱ្យបុគ្គលិកមានចំណេះជំនាញច្បាស់លាស់ ព្រោះដើម្បីជួសជុលប្រាសាទបានត្រឹមត្រូវ ធានាបាននូវគុណភាពល្អ ត្រូវមានពិសោធន៍និងទិន្នន័យជាក់លាក់ដើម្បីយកទៅសិក្សានិងលើកគម្រោង៕

Facebook Comments
Loading...