ពិធីសិក្ខាសាលាស្តីពី «ការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង នីតិវិធិនាំចេញនាំចូល» ត្បូងឃ្មុំ៖

0
16759

ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំអញ្ជើញជាអធិប្បតីក្នុងពិធីសិខាសាលាស្ដីពី << ការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង និតិវិធីនាំចេញនាំចូល >> ដើម្បីបង្កើនការយល់ដឹងបន្ថែមពីវិស័យពាណិជ្ជកម្មជូនដល់ សាធារណៈជន មន្ត្រីរាជការ សិស្សនិស្សិត អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួម ។

IMG-20171213-WA0050_resized

សិក្ខាសាលានេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ នៅសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីតាមមន្ទីរជុំវិញខេត្ត សិស្សនិស្សិត អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណ ១០០ នាក់ ។

លោក តូច សុខន បានធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងការបំបែកខេត្តថ្មីនេះឡើង ការកកើតនូវរចនាសម្ព័ន្ធប្រមូលផ្តុំបានជាមន្ទីរពាណិជ្ជកម្មខេត្ត និងលទ្ធផលនានាដែលមន្ទីរសម្រេចបាន ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់រួម ដើម្បីរៀបចំអោយមានអង្គសិក្ខាសាលា នាថ្ងៃនេះឡើង ។

នៅក្នុងសុន្ទករថាលោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងអោយដឹង ពីឥទ្ធិពលនៃសាកលភាវូបនីយកម្ម ចំពោះសេដ្ឋកិច្ចសាកល ដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងអន្តរជាតិនានា ហើយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងខិតខំចរចាជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។

លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងតម្រូវការកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជា ដើម្បីបង្កើតគោលនយោបាយដ៏មានប្រសិទ្ធភាព និងដឹកនាំចរចា សំដៅទាញយកអត្ថប្រយោជន៍អតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោក ជាម ច័ន្ទ សោភណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំងសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដែលបានផ្តល់កិច្ចសហការ និងជួយសម្របសម្រួលដំណើរការរៀបចំសិក្ខាសាលាដ៍មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យ មន្ត្រីរាជការតាមបណ្តាមន្ទីរនានាក្នុងខេត្ត សិស្សនិស្សិត និងភាគីពាក់ព័ន្ធ ដកស្រង់បទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗស្តីពីការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ដើម្បីយល់ដឹងសម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈមចំពោះ វិស័យពាណិជ្ជកម្ម ដែលកំពុងតែកើនឡើងនាពេលបច្ចុប្បន្នទាំងក្នុងប្រទេស ក្នុងតំបន់ ក៍ដូចជាទៅកាន់សហគមន៍អ៊ឺរ៉ុបនោះ ។

គួររំលឹកដែរថា តាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ ២០០៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ក្នុងការបោះជំហានចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ក្នុងរយៈពេលជាង ២ ទសវត្សចុងក្រោយនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្លាយជាប្រទេសដែលមាន “ប្រាក់ចំណូលមធ្យមកម្រិតទាប។ ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអោយប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ដែលមានប្រាក់ចំនូលមធ្យមនៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ផងដែរ ៕

IMG-20171213-WA0049_resized

IMG-20171213-WA0053_resized

IMG-20171213-WA0051_resized

Facebook Comments
Loading...