គណ:កម្មាធិការអាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤ របស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៧

0
25875

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤របស់ខ្លួន នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសហប្រធាននៃកិច្ចប្រជុំ គឺលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

របៀបវារៈនៃកិច្ចប្រជុំពេលនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានរបាយការណ៍នៃការងារអភិរក្ស ជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ថែមពីនេះកិច្ចប្រជុំលើកនេះក៏ស្របនឹងការអបអរសាទរខួប២៥ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក។

គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ៕

Facebook Comments
Loading...