អាជ្ញាធរជាតិអប្សរាជម្រុញទីផ្សារកសិផលអ្នកស្រុកអង្គរតាមរយ:កម្មវិធីតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០នៅទីក្រុងសៀមរាប

0
30047

ស្ពៃ ប៉េងប៉ោះ ត្រកូន ននោង ត្រឡាច សណ្តែកកួរ ត្រសក់ ត្រប់ និងកូនរុក្ខជាតិពូជជាច្រើន ត្រូវបានតាំងលក់យ៉ាងស្អេកស្កះនៅក្នុងស្តង់របស់អាជ្ញាធរជាតិអប្សរាក្នុងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

លោក ឡាច មយូរ៉ា បុគ្គលិកអាជ្ញាធរជាតិអប្សរា ជាប្រធានក្រុមកសិកម្មក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ (ACHA) សហការជាមួយប្រទេសញូវហ្សេឡែន បានឱ្យដឹងថា នេះជាលើកទី១ដែលកសិផលរបស់កសិករក្នុងតំបន់អង្គរបានយកបន្លែរបស់ខ្លួនមកលក់ក្នុងពិព័រណ៌ថ្នាក់ជាតិលើកទី១០នេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន។

លោក មយូរ៉ា បន្តទៀតថា ការលក់ក្នុងរយៈពេល៥ថ្ងៃនេះ ជាឱកាសល្អសម្រាប់ប្រជាកសិករដែលបានទាំងលុយកាក់និងបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ពិសេសគាត់បានដឹងពីទីផ្សារថាលក់អ្វីដាច់ របស់អ្វីដែលគាត់គួរដាំ រួមទាំងបានស្គាល់ពីដៃគូផ្គត់ផ្គង់ផ្សេងៗទាក់ទងនឹងកសិកម្មផងដែរ។ ទាក់ទងនឹងការដាំដុះនេះ គម្រោង ACHA បានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលកសិករពីរបៀបដាំដុះ ការប្រើប្រាស់ជី ការជ្រើសរើសពូជ របៀបនៃការប្រមូលផល និងសហការជាមួយអង្គរការផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនមានភាពរីកចម្រើនលើផ្នែកកសិកម្ម។ បច្ចុប្បន្នមាន១៥គ្រួសារមកពី៤តំបន់ គឺក្របីរៀល ដូនកែវ ចៅស្រីវិបុល និងព្រះដាក់បានទទួលជោគជ័យលើការដាំដុះ ហើយអាចផ្គត់ផ្គង់ផលិតផលទាំងនោះដល់ទីផ្សារ។ ក្នុងនោះ គម្រោង ACHA ទៅអនាគតនឹងជួយប្រជាកសិកក្នុងការផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារឱ្យបានជារៀងរាល់ថ្ងៃ។

លោក ឡុង អ៊ាន មកពីភូមិអូរទទឹង ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ជាកសិករមួយរូបដែលបានទទួលជោគជ័យលើការដាំដុះបានលើកឡើងថា ក្នុងដំណាក់ដំាំបន្លែដែលពិបាកបំផុតគឺការថែទាំកូន តែដោយបានការបណ្តុះបណ្តាលពីគម្រោងACHA លោកពូក៏ទទួលបានលទ្ធផលល្អប្រសើរអាចមានបន្លែសម្រាប់ហូបចុកគ្រប់គ្រាន់ និងអាចយកមកលក់នៅលើទីផ្សារបានទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់គម្រោងACHA ដែលបានជួយផ្តល់ជាសម្ភារៈនិងបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានផលជាទីគាប់ចិត្ត ពិសេសធ្វើឱ្យលោកពូកាន់តែចង់ដាំ ព្រោះជាបានជួយលើកកម្ពស់ជីវភាពរស់នៅបានល្អជាងមុន៕

Facebook Comments
Loading...