ឯកឧត្តម សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិបក្សកុម្មុយនីស្តីចិន រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី

0
40922

នៅក្នុងពិធិលៀងសាយភោជន៍ជាមហាកិត្តិយស ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តីចិន មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ថ្នាក់ដឹកនាំកំពូលៗ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនិងប្រទេសកម្ពុជា សម្រាប់រយះពេល យូអង្វែងតទៅមុខទៀត។

DSC_4956

ក្នុងពិធីលៀងសាយភោជន៍ដែលប្រាតរព្វធ្វើឡើង កាលពីរាត្រីថ្ងៃទី២៩ដែលជាថ្ងៃទី១ នៃ ការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយនិងគណបក្សនយោបាយ នានា លើពិភពលោក នៅរដ្ឋធានីប៉េកាំង ឯកឧត្តម សុង ថាវ មានប្រសាសន៍ដែរថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជន ចិន សូមចាត់ទុកសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមិត្តដ៏ល្អ មិត្តគួរជាទីទុកបំផុត សម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចិន។

ជាមួយនិងការថ្លែងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណបក្សកុម្មុយ នីស្តចិន មានប្រសាសន៍ពីការពាំនាំ នូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជា មានិតចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្ស កុម្មុយនីស្តចិន ក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានចាត់ទុកថា វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញមកកាន់ប្រទេសចិននៅពេលនេះ គឺជាការផ្តល់នូវមហាកិត្តិ យសដ៏ខ្ពង់ខ្ពស់បំផុត ចំពោះបក្ស រដ្ឋ និងប្រជាជនចិន ក្នុងពង្រីកនូវកាលានុវត្តភាពរបស់ខ្លួន លើការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ ដែលនោះបានបង្ហាញឲ្យឃើញពីប្រៀបឈ្នះ ក្នុងនាមជាមេដឹកនាំកំពូលមួយរូប ដែលមានបញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសព្វបំផុត។

ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ការពង្រឹងបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះហើយ គឺជាកត្តាមិនអាចខ្វះបាន ក្នុងការដឹកនាំកសាងសេដ្ឋកិច្ចឲ្យកាន់ តែរីកចម្រើន ហើយឯកឧត្តមមានជំនឿថា ក្នុងរយះពេលដ៏ខ្លីខាងមុខ កម្ពុជានិងមានការអភិវឌ្ឍរីកចម្រើនជាក់ជាមិន ខាន។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម សុង ថាវ ដែលបានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនេះ ជូនចំពោះរូបសម្តេចនិងគណះប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្ស កុម្មុយនីស្តចិន ជាមួយនិងគណបក្សនយោបាយនានា លើពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពទៅ និងការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីដែលថា ប្រទេសយើងទាំងពីរកម្ពុជា ចិន និងបន្តជួយគ្នាទៅវិញទៅមកទោះ បីមានឧបសគ្គអ្វីមករារាំងក៏ដោយ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះបក្ស រដ្ឋ និងប្រជាជនចិន ដែលតែងតែគាំទ្រផ្តល់នូវការជួយឧបត្ថម្ភគ្រប់បែបយ៉ាង ក្នុងការជួយដល់ដំណើរ ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ សម្តេចតេជោក៏បានចាត់ទុកថា ការគាំទ្ររបស់ប្រទេសចិន គឺពិតជា មានអត្ថន័យមិនត្រឹមតែបានរួមចំណែកជួយដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ គឺបានរួមចំណែកផងដែរ ដល់ការពង្រឹងឯករាជ្យភាព និងការខ្ពង់មុខ ខ្ពង់មាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។

នៅក្នុងពិធីនោះ ដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជូនវត្ថុអនុស្សាវរីយ៍រូបសំណាក់សត្វសេះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជា និម្មិតរូប នៃជំហានឆ្ពោះទៅមុខរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

DSC_4997

Facebook Comments
Loading...