រមណីយដ្ឋានអង្គរនៅតែបន្តល្បីល្បាញក្រោមដំបូលសុខសន្តិភាពនិងអភិវឌ្ឍន៍នៅកម្ពុជា

0
12875

ភ្នំពេញ៖ តាំងពីឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានធ្វើឲ្យកិត្តិសព្ទអង្គរខ្ចរខ្ចាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ។

ក្រោមដំបូលសន្តិភាព និងស្ថេរភាពនយោបាយនេះ រមណីយដ្ឋានអង្គរ ក៏កំពុងតែបន្តភាពល្បីល្បាញ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គរធ្លាប់ទទួលបានចំណាត់លេខ១ជាប់គ្នាពីស្ថាប័នវាយតម្លៃធំៗលើលោកដូចជា Archaeo Madness, Trip Advisor, Lonely Planet ជាដើម។

ប្រាសាទអង្គរវត្តគឺសក្ខីភាពមួយដែលបញ្ជាក់លើករណីនេះ ដោយកំណើននៃភ្ញៀវទេសចរឥតថមថយ និងមានតែកើនឡើងនូវចំនួនអ្នកចូលទស្សនា។ ជាក់ស្តែង ជារៀងរាល់ព្រឹក ដែលព្រះអាទិត្យមិនទាន់រះផង ភ្ញៀវទេសចរបានសម្រុកទៅមើលទិដ្ឋភាពថ្ងៃរះនៅប្រាសាទនេះរាប់ពាន់នាក់រួចទៅហើយ។

នៅរៀងរាល់ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត (Angkor Equinox) ភ្ញៀវជាតិអន្តរជាតិរាប់ម៉ឺននាក់បានទៅរង់ចាំទស្សនាពុំដែលខកខានម្តងណាឡើយ។

ភាពទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរទាំងអស់នេះ ក្រៅពីភាពល្បីល្បាញនៃភាពអស្ចារ្យរបស់ប្រាសាទផ្ទាល់ខ្លួន នៅមានកត្តាដ៏សំខាន់មួយទៀត ដែលយើងមិនអាចបំភ្លេចបាននោះគឺ សន្តិភាព និងស្ថេរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានពុះពារដណ្តើមមកបាន និងកំពុងតែបន្តរក្សាដោយប្រុងប្រយ័ត្នបំផុត។

នេះក៏ជាមោទនភាពជាតិមួយ ដែលកូនខ្មែរគ្រប់រូបត្រូវយល់ដឹង និងចូលរួមថែរក្សាទាំងអស់គ្នា ពោលគឺថែរក្សាទាំងស្នាដៃបុព្វបុរសដែលបានបន្សល់ទុក និងចូលរួមថែរក្សានូវសមិទ្ធផលដែលថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្នបានប្រឹងប្រែងកសាងមកឲ្យបានគង់វង្សយូរអង្វែង៕

Facebook Comments
Loading...