សិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រវិស័យបរិស្ថានឆ្នាំ២០១៦-ឆ្នាំ២០២០

0
5978

ខេត្តមណ្ឌលគិរី៖ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រវិស័យបរិស្ថានឆ្នាំ២០១៦-ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ ២០១៧នេះ នៅអាគារសាលប្រជុំផ្ទះសំណាក់ពេជ្រដា ក្នុងគោលបំណងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌក្រសួងបរិស្ថាន ដើម្បីរួមចំណែកសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលដៅអភិវឌ្ឍន៍សហសវត្ស របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគៀងគរដៃគូអភិវឌ្ឍន៍នានា ចូលរួមអនុវត្តការងារក្នុងភាពជាដៃគូឱ្យកាន់តែមានប្រសិទ្ធភាពនិងគុណភាព។

សិក្ខាសាលានេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ប៉េង សម្បត្តិ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំផែនការនេះឡើង គឺដើម្បីធ្វើយ៉ាងណាឲ្យមានការចូលរួមរបស់ស្ត្រី និងបុរសតាមការទំនាក់ទំនងក្នុងការគ្រប់គ្រងការងារ ក៏ដូចជាការបែងចែកនូវសេចក្តីសម្រេចចិត្ត ជាពិសេសនៅក្នុងខេត្តមណ្ឌលគីរីតែម្ដង គឺសំដៅទៅលើការចូលរួមរបស់ស្ត្រី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្ដល់លទ្ធភាពលើកកម្ពស់ទាំងសមត្ថភាពស្ត្រីក្នុងការបំពេញការងារ និងការឆ្លើយតបទៅនឹងការធ្វើឲ្យមានសមភាព និងសមធម៌យេនឌ័រ ដើម្បីបង្កើនឱ្យមានការចូលរួមថែរក្សាថែមទៀតរវាងស្ត្រី និងបុរសនៅក្នុងការងារបរិស្ថាន។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលមានការគាំទ្រ និងប្ដេជ្ញាចិត្តខ្ពស់ ចំពោះការអនុវត្តន៍នូវគោលនយោបាយបញ្ជ្រាបការងារយេនឌ័រក៏ដូចជាសមភាពយេនឌ័រ ដើម្បីផ្ដល់ភាពអង់អាចដល់ស្ត្រីតាមរយៈការផ្ដល់នូវសេចក្តីសម្រេចចិត្ត។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ពីព្រោះសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ដល់ស្ត្រី ឲ្យមានការសម្រេចចិត្ត ដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕ ដោយ៖មនោរម្យ

IMG-20171120-WA0070

IMG-20171120-WA0071

IMG-20171120-WA0072

Facebook Comments
Loading...