អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងជួសជុលនិងអភិរក្សលានជល់ដំរី

0
36761

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរជាតិអប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (CHICO) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីអភិរក្សនិងជួសជុលលានជល់ដំរី។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងភាគីកូរ៉េ ដឹកនាំដោយ Dr. CHOI តំណាងរបស់ CHICO កូរ៉េ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា គម្រោងអភិរក្សនិងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតនៅក្នុងកិច្ចសហការជួសជុលនិងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គររបស់សាធារណរដ្ឋកូរ៉េ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថាប័នKCHFជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការនេះ មិនផ្តោតសំខាន់តែលើការងារជួសជុលនិងអភិរក្សទេ យើងក៏យកចិត្តទុកដាក់ផងដែរលើផ្នែកស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។ យើងសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរានិងCHICO៕

Facebook Comments
Loading...