មន្ត្រីសហរដ្ឋអាមេរិកបានអះអាងថា អ៊ីស្រាអែលហាក់នៅពីក្រោយការវាយប្រហារចុងក្រោយ លើរោងចក្រយោធាអ៊ីរ៉ង់

0
265

បរទេស ៖ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មន្ត្រីសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលហាក់ដូចជានៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)លើរោងចក្រយោធាក្នុងប្រទេសអ៊ីរ៉ង់។
ចំណែកឯអ៊ីរ៉ង់វិញ ក៏និយាយបញ្ជាក់ក្នុងថ្ងៃជាមួយគ្នាដែរថា ខ្លួនបានស្ទាក់ចាប់ដ្រូន ដែលវាយប្រហារលើរោងចក្រយោធា គោលដៅនៅជិតក្រុង Isfahan ប៉ុន្តែមិនបង្កឱ្យមានជនរងគ្រោះ។
កាសែត The Wall Street Journal បានស្រង់សម្ដីមន្រ្តីអាមេរិក ម្នាក់ដែលថ្លែងជាអនាមិកថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយខ្នងនៃ ការវាយប្រហារនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែល មិនបានបកស្រាយបំភ្លឺ ឬប្រតិកម្មយ៉ាងណាទេ ទៅលើការអះអាងនេះ។
មន្ត្រីអាមេរិកម្នាក់ទៀត បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូចគ្នា ប្រាប់រ៉យទ័រថា អ៊ីស្រាអែលទំនងជាមានការជាប់ពាក់ព័ន្ធ ខណៈមន្ត្រីផ្សេងទៀត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសពី ការគូសបញ្ជាក់ថា អាមេរិកគ្មានតួនាទីអ្វីក្នុងការវាយប្រហារ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian វិញ បានហៅការវាយប្រហារថ្មីថ្មោង ថាជាការវាយ ប្រហារដែល «កំសាក» និងមានមានបំណងបង្កើតភាព «អសន្តិសុខ» នៅក្នុងប្រទេសអ៊ីរ៉ង់។ បន្ថែមពីលើនេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏ចុះផ្សាយដោយស្រង់សម្ដីមន្រ្តីអ៊ីរ៉ង់ផ្សេងទៀត ដែលអះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពនេះ។

Facebook Comments
Loading...