សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលឈ្នះលីពីន ៣-២

0
360

ភ្នំពេញ ៖ បន្ទាប់ពីចប់ការប្រកួតនាល្ងាចថ្ងៃទី២០ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើfacebook របស់សម្តេចថា អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជូនពរកីឡាករជាតិកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។
ក្នុងនោះផងដែរក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក៏បានលើកឡើងពីការប្រកួតក្នុងសន្និសីទសារព័ត៌មាន ដោយលោកក៏បានមើលឃើញពីចំនុចល្អ និងមិនល្អផងដែរ។ លោកបន្តថា វាទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងពូល សម្រាប់ការឈ្នះលើកដំបូងក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFFChampionship) ទៅលើហ្វីលីពីន ដោយលទ្ធផល ៣-២ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក Ryu Hirose មានលើកឡើងទៀតថា «ជាដំបូងខ្ញុំចង់និយាយថា នេះគឺជាឧទាហរណ៍ដ៏ល្អដែលការត្រៀមខ្លួនបានល្អ គឺទទួលបានលទ្ធផលល្អ។ ប៉ុន្តែវាទើបតែជាការចាប់ផ្ដើមនៅក្នុងពូលប៉ុណ្ណោះ យើងមានគោលដៅដើម្បីឆ្លងផុតពូល ហើយប្រកួតដែលពិបាករបស់យើងគឺនៅប្រកួតចុងក្រោយ ដូច្នេះយើងត្រូវតែឈ្នះពេលប៉ះឥណ្ឌូនេស៊ី នៅប្រកួតបន្ទាប់ ៣ថ្ងៃខាងមុខទៀត។»ចំនុចល្អនៅក្នុងការប្រកួតគឺយើងលេងជាក្រុម ហើយនៅតំបន់ប្រយុទ្ធយើងបានឈ្នះលើការវាយបកជាច្រើនដូចដែលអ្នកបានឃើញ ដែលនេះគឺជាអ្វីដែលយើងអនុវត្តច្រើន។» សម្ដីបន្ថែមរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន។
គួរបញ្ជាក់ថា នៅក្នុការប្រកួតនេះ កម្ពុជា បានបើកការនាំមុខមុនដល់ទៅ ២គ្រាប់ក្នុងរយៈពេលត្រឹម៤នាទី ពោលគឺដោយកីឡាកររ៊ឹង ប៊ុនហៀង នៅនាទី១៦ បន្ទាប់មកដោយកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០។ យ៉ាងណាមិញនៅជិតចប់វគ្គទី១ហ្វីលីពីន តាមពីក្រោយបាន១គ្រាប់ដោយកីឡាករ Kenshiro Michael Lontok Daniels នៅនាទី៤១។ ខណៈគ្រាប់បាល់នៅវគ្គទី២ កីឡាករ Kenshiro Michael Lontok Daniels ដដែលតាមស្មើឱ្យហ្វីលីពីន មុននឹង រ៊ឹង ប៊ុនហៀង ទាត់ចូលគ្រាប់ជ័យជម្នះនៅនាទី៥៩។
កម្ពុជា នៅសល់ការប្រកួតបន្តទៀត ពោលគឺត្រូវឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដែលនឹងប្រកួតនៅវេលាម៉ោង ៤:៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)៕

Facebook Comments
Loading...