គ្រួសារស៊ុន អ៊ូខុង នាំប្រពន្ធកូនទៅអុកឡុកបង្កការភ័យខ្លាច ដល់អ្នកដំណើរ ពិសេសបង្ករបួសស្នាមដល់សិស្សសាលាសន្ធរម៉ុក ម្នាក់រហូតបញ្ជូនទៅមន្ទីរពេទ្យ

0
707

ភ្នំពេញ ៖ សត្វស្វាចំនួន ៣ក្បាលពោលគឺមួយគ្រួសារតែម្ដងបានធ្វើដំណើរចេញពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដោយបានបន្តដំណើរទៅកាន់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងកំពុងអុកឡុកចាំស្ទាក់ពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ធ្វើឲ្យពួកគេមានការភ័យខ្លាច និងបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឲ្យជួយចាត់វិធានការយកចេញផង ចំពោះករណីនេះកន្លងមកមិនមែនមានតែនៅចំណុចស្ពានអាកាសថ្មើរជើងសន្ធរម៉ុកប៉ុណ្ណោះទេនៅទីតាំងផ្សេងទៀតក៏ធ្លាប់ត្រូវបានសត្វស្វាចូលទៅអុកឡុកផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ ពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយស្ពានអាកាសថ្មើជើង នៅចំណុចស្តុបសន្ធរម៉ុកនេះ បានឃើញសត្វស្វាទាំងបីក្បាលនៅលើស្ពានអាកាស និងបានដេញទៅលើអ្នកដែលធ្វើដំណើរឆ្លងកាត់ផងដែរ។ យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងស្ពានអាកាសថ្មើជើង បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សត្វស្វាទាំងនោះបានបង្ករបួសស្នាមដល់សិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយស្ពានអាកាសថ្មើរជើងនេះចំនួន ៤ ទៅ ៥នាក់ មកហើយ។ កាលពីថ្ងៃទី១៥ សត្វស្វានេះ បានបង្ករបួសស្នាមដល់សិស្សម្នាក់បន្ថែមទៀត រហូតបញ្ជូនទៅមន្ទីរពេទ្យ។ ប្រជាពលរដ្ឋខ្លះបានលើកឡើងថា កន្លងមកគេក៏ធ្លាប់ឃើញវត្តមានស្វាទាំងនោះនៅកន្លែងផ្សេងដែរ ដូចជានៅម្ដុំសាលាវណ្ណដាគណនេយ្យជិតទូតចិននិងនៅម្ដុំផ្សារចាស់ជាដើមក៏ធ្លាប់មានវត្តមានហ្វូងស្វាទាំងនោះដែរ ប៉ុន្តែហ្វូងស្វាទាំងនោះបានត្រឹមលួចរបស់របរនិងចំណីអាហាររបស់អាជីវករតិចតួចប៉ុណ្ណោះមិនដែលបង្ករបួសស្នាមដល់ប្រជាពលរដ្ឋនោះឡើយ តែលើកនេះពួកគេហាក់ដូចជាកាចគ្រាន់បើដោយបានបង្ករបួសស្នាមដល់មនុស្សចំនួន 5 នាក់ក្នុងនោះមានសិស្សសាលាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានឱ្យដឹងថា បានជូនដំណឹងនេះទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរួចហើយ ដោយខាងរដ្ឋបាលព្រៃឈើសន្យាថា រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងចុះយកសត្វស្វាទាំងនោះចេញ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដែលធ្វើដំណើរឆ្លងកាត់តាមស្ពានអាកាសនេះ កន្លងមកមិនមែនទើបតែមកអុកឡុកគេនៅកន្លែងនេះទេនៅកន្លែងផ្សេងៗទៀតក៏ធ្លាប់មានវត្តមានស្វាទាំងនោះទៅអុកឡុកផងដែរ៕

Facebook Comments
Loading...