ម្ចាស់បើកចេញអស់ហើយ យានយន្ដចតទុកចោលលើចិញ្ចើមផ្លូវភ្លោះខាងមុខសួនច្បារបុរីមហាសេដ្ឋី ក្នុងភូមិសាមគ្គី ក្រោយគណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ ទុកឱសានវាទ៣ថ្ងៃ ដើម្បីត្រៀមចាត់វិធានការរំដោះចរាចរណ៍ជូនពលរដ្ឋ

0
238

(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលឫស្សីកែវ ដែលជាសេនាធិការឱ្យលោក មូល វិរៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងជាចៅសង្កាត់ បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថារថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចំណីចិញ្ចើមផ្លូវសាធារណៈ បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍រាល់ថ្ងៃ ពិសេស រំខានដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ ពេលនេះម្ចាស់រថយន្ដទាំងអស់ បានយល់ព្រមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរំដោះការកកស្ទះ និងលំហូរចរាចរណ៍ឱ្យកាន់តែប្រសើរឡើង ក្នុងការបើកយករថយន្ដរបស់ខ្លួនចេញរៀងៗខ្លួនអស់ហើយ ពីទីតាំងសងខាងផ្លូវភ្លោះសួនច្បារខាងមុខ បុរីមហាសេដ្ឋី ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបថា លោក មូល វិរៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងជាចៅសង្កាត់ ដែលមានលោកវរសេនីត្រីយ៍ តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ ជាសេនាធិការ បានព្រមានចាត់វិធានការរដ្ឋបាល ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ពិសេស រំខានដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែតុលា។

លោក មូល វិរៈ តាមរយៈសេនាធិការ លោកវរសេនីយ៍ត្រីតូច គឹមសុង បានថ្លែងប្រាប់អ្នកយកព័ត៌មាន ថាការព្រមានចាត់វិធានការរដ្ឋបាល ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈយ៉ាងដូច្នេះ គឺបានត្រៀមផែនការអនុវត្តវិធានការក្ដៅឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទទួលបានសំណូមពរយ៉ាងទទូច ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឱ្យជួយរកដំណោះស្រាយជូន អំពីការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខបុរីមហាសេដ្ឋីនេះ។

បើតាមលោកវរសេនីយ៍ត្រី តូច គឹមសុង បានឱ្យដឹងផងដែរថា ការទទួលយកសំណូមពរ ដើម្បីរកដំណោះស្រាយ អំពីការកកស្ទះចរាចរណ៍ សម្រាប់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ហើយឈានដល់ការព្រមានចាត់វិធានការរដ្ឋបាលឱ្យខានតែបាន ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈនេះដែរ បានត្រៀមអនុវត្តវិធានការក្ដៅឆាប់ៗនេះ ក្រោយពីគណៈបញ្ជាការឯកភាពសង្កាត់ ទុកឱសានវាទរយៈពេល៣ថ្ងៃប៉ុណ្ណោះ បើក្នុងករណីម្ចាស់យានយន្ដទាំងឡាយណា នៅតែបន្តបើករថយន្ដរបស់ខ្លួនយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈទាំងបំពាន (ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខបុរីមហាសេដ្ឋី) បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍បន្តទៅទៀត នោះប្រាកដជាប្រឈម និងការឃាត់ស្ទូចយករថយន្ដទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ជាក់ជាពុំខានឡើយ។

លោកនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវរូបនេះ ក៏បានសូមសំណូមពរជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់យានយន្ដគ្រប់ប្រភេទ ត្រូវបញ្ឈប់ជាបន្ទាន់ទាំងអស់គ្នា នូវរាល់ការបើកយករថយន្ដរបស់ខ្លួនមកឈប់ចតទុកចោលលើចំណីចិញ្ចើមផ្លូវសាធារណៈ ឫទ្រូងផ្លូវបន្តទៅទៀត ដើម្បីចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងការរក្សាទុកសួនច្បារសម្រាប់លំហែរកាយហាត់ប្រាណ និងការសម្អាតបរិស្ថានឱ្យមានអនាម័យ និងសោភ័ណ្ឌភាពល្អ ក៏ដូចជាចូលរួម នៃការកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពីការចោលសម្រាម និងចតយានយន្ដគ្មានសណ្ដាប់ធ្នាប់ និងគ្មានរបៀបរៀបរយ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

Facebook Comments
Loading...