ខ្មាន់កាំភ្លើងពីរនាក់ វាយប្រហារលើកន្លែងហ្វឹកហ្វឺនយោធា រុស្សី សម្លាប់មនុស្ស១១នាក់ដែលបានស្ម័គ្រចិត្តប្រយុទ្ធនៅអ៊ុយក្រែន

0
507

មូស្គូ ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្មាន់កាំភ្លើងពីរនាក់ មកពីអតីតរដ្ឋសូវៀតមួយ បានវាយប្រហារលើកន្លែងហ្វឹកហ្វឺនយោធា ដោយសម្លាប់មនុស្ស១១នាក់ដែលបានស្ម័គ្រចិត្តប្រយុទ្ធនៅអ៊ុយក្រែន និង ១៥នាក់ផ្សេងទៀតរងរបួស។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បានកើតឡើងអំឡុងពេលហ្វឹកហាត់អាវុធ។

រុស្ស៊ីបានចាប់ផ្តើមអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការកេណ្ឌប្រជាជនរុស្ស៊ីចំនួន ៣សែននាក់ ដែលធ្លាប់បំពេញកាតព្វកិច្ចយោធាពីមុនមក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានដកស្រង់សំដីក្រសួងថា ប្រជាពលរដ្ឋពីរនាក់នៃប្រទេស CIS បានប្រព្រឹត្តអំពើភេរវកម្មមួយនៅឯកន្លែងហ្វឹកហ្វឺននៃស្រុកយោធាខាងលិចក្នុងតំបន់ Belgorod។ប្រទេសCIS ឬ Commonwealth of Independent States ត្រូវបានបង្កើតឡើងរវាងសាធារណរដ្ឋដែលជាផ្នែកមួយនៃសហភាពសូវៀត។

មនុស្សជាង ២សែននាក់ត្រូវបានបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ចាប់តាំងពីការប្រកាសនៃការកេណ្ឌទ័ព នៅថ្ងៃទី២១ ខែកញ្ញា៕

Facebook Comments
Loading...