ស្ដ្រីអ្នកសំអាងការនិងលក់តាមអនឡាញចាកចេញពីផ្ទះចោលកូននិងប្ដីចុងក្រោយគេប្រទះឃើញស្លាប់ក្នុងរថយន្ដសង្ស័យករណីឃាតកម្ម

0
260

ខេត្តបាត់បង ៖ ស្ដ្រីដែលមានុខរបរជាអ្នកសំអាងការនិងលក់ដូរតាមអនឡាញមានប្ដីនិងកូន២នាក់ក្នុងបន្ទុកបានជិះឡានចាកចេញពីផ្ទះអស់រយៈពេល៤ថ្ងៃមកហើយ មុនដំបូងប្ដីថានៅទាក់ទងគ្នាបានធម្មតាតាមទូស័ព្ទ លុះក្រោយមកទាក់ទងលែងបាន ចុងក្រោយគេបានប្រទះឃើញសពស្ដ្រីរូបនេះដេកស្លាប់ក្នុងឡានម៉ាកព្រូសរបស់ខ្លួនឡើងហើមស្អុយទៅហើយ ក្រោយពីសមត្ថកិច្ចចុះពិនិត្យបានសន្និដ្ឋានថាជាករណីឃាតកម្មប្លន់សម្លាប់ព្រោះបាត់បង់គ្រឿងអលង្កានិងលុយកាក់អស់គ្មានសល់។

គួរបញ្ជាក់ថា រយ:ពេល៣ថ្ងៃហើយដែលមានរថយន្តមួយគ្រឿងបានឈប់សំចតចោលនៅផ្នែកខាងក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ប៉ុន្តែទាំងប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅក្នុងផ្សារមិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយសារតែទីតាំងខាងលើនេះតែងតែមានរថយន្តមកឈប់សំចតជារឿយៗ រហូតសពហើមនិងមានក្លិនស្អុយទើបនាំគ្នាភ្ញាក់ផ្អើល។

ការប្រទះឃើញសពនេះ គឺនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានស្ត្រីម្នាក់បានដេកស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ កញ្ញានេះកម្លាំងសមត្ថកិច្ចនៃអធិការក្រុង និងកម្លាំងជំនាញនៃការិយាល័យ បច្ចេកទេស កោសល្យវិច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រៀមត្រួតពិនិត្យទៅលើសាកសព ដើម្បីរកមូលហេតុពិត ចំណែករថយន្តឮថាអាចជាប់ឡុកផងដែរ។

តាមការលើកឡើងពីបុរសឈ្មោះ ណុល ណូរ៉ា ត្រូវជាស្វាមីដែលទើបតែនឹងមកដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ប្រពន្ធរបស់លោកមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ សែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញ និងមានកូន២នាក់បន្ទុក។

លោកបានបន្តថា ប្រពន្ធរបស់លោកបានចាកចញពីផ្ទះតាំងពីថ្ងៃបិណ្ឌទី១ គឺអំឡុងថ្ងៃ១១ នៅទាក់ទងទូរស័ព្ទគ្នាបាន លុះថ្ងៃទី១២ ដាច់ការទំនាក់ទំនងតែម្តងដោយសារតែតេលែងចូល ទើបលោកទៅប្តឹងសមត្ថកិច្ចនៅក្នុងភ្នំពេញដើម្បីជួយអន្តរាគមន៍ លុះម្សិលមិញក៏បានទទួលដំណឹងថាមានស្ដ្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តម៉ាកព្រូសហើយលោកដឹងច្បាស់ថាប្រាកដជាភរិយារបស់លោកទើបលោកប្រញ៉ាប់ធ្វើដំណើរឡើងមកបាត់ដំបងភ្លាមៗតែម្តង ។

តាមការអះអាងពីសមត្ថកិច្ចជំនាញរួមនិងគ្រូពេទ្យ ក្រោយពីបានធ្វើកោសល្យវិច័យទៅលើសាកសព បានបញ្ជាក់ថា សពត្រូវបានឃាតករសម្លាប់ដោយវាយបំបាក់.ក ដែល.ក អាចបង្វិលបាន៩០ភាគរយ ហើយនៅក្នុងរថយន្តបន្សល់ទុកនូវស្បែកជើងស្ត្រី២គូ កាបូបយួរស្ត្រី៤ វ៉ែនតាស្ត្រី៣ និងម្សៅ ក្រែម ព្រទាំងគ្រឿងអលង្ការកាឡៃដែលគេទុកចោលនៅបាតកាបូប រីឯចិញ្ជៀនពេជ្រត្រូវបាត់ ហើយលុយគ្មានសល់មួយរៀលនោះទេ ហើយសោបញ្ឆេះរថយន្តបាត់ ទ្វាររថយន្តទាំង៤ជាប់ឡុក ទើបសមត្ថកិច្ចបានសន្និដ្ឋានរួមគ្នាថា ស្ត្រីរងគ្រោះអាចស្លាប់ដោយអំពើឃាតកម្ម ហើយឃាតករអាចមានគ្នាចាប់ពី២នាក់ឡើង បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវសង្ឃឹមថាឃាតករមិនអាចគេចរួចពីសំណាញ់ច្បាប់នោះឡើយ៕

Facebook Comments
Loading...