ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិកាន់តែរីកចម្រើន

0
328

ភ្នំពេញ ៖ ក្នុងពិធីបើក វគ្គផ្សព្វផ្សាយអនុក្រឹត្យលេខ១៩ ស្តីពី ការបង្កើតការិយា​ល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងរបៀបរបប ធ្វើការរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះលោកជា វិរៈ អភិបាលរងខណ្ឌ តំណាងលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺមានការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។ ក្នុងនោះដែរ ដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិកាន់តែរីកចម្រើន។

លោកបន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានបង្កើត ការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិ​បាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលនិងការសម្រុះសម្រួលដោះស្រាយ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ដែលត្រូវបានបង្កើតឡើង នៅរាជធានីខណ្ឌ គឺជាការបង្ខិតរដ្ឋបាលសាធារណៈអោយកាន់តែគៀកកិតនឹងប្រជាពលរដ្ឋ ពិសេស ជាយន្តការតម្រង់ទិសរបស់ការិ-យាល័យច្រកចេញចូលតែមួយ។

ចំណែកលោកឌុក ណារ៉ែត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កំពុងតែជំរុញយ៉ាងក្លៀវក្លា នូវការកែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពង្រឹង លិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅ ពន្លឿន ប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជា-ពលរដ្ឋ។

លោកបន្តថា រាជរដ្ឋាភិបាលមានឆន្ទៈក្នុងការកែទម្រង់ ធានាឲ្យបានអភិបាលកិច្ចល្អដោយបង្កើតការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានតួនាទីទទួលពាក្យបណ្តឹង ទទួលព័ត៏មានផ្សេងពីប្រជាពលរដ្ឋ និងផ្តល់ព័ត៏មានដល់ប្រជាពលរដ្ឋវិញ គឺដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មកលើការិយាល័យប្រជាពលរដ្ឋ បន្ថែមទៀត៕

 

Facebook Comments
Loading...