សម្ដេចតេជោ ហ៊ុន សែន ទ្រាំមិនបានក៏ត្រូវតែទ្រាំ ព្រោះសភាពការយប់មិញគេចង់ផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង

0
305

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហានេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍យប់មិញ ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ ព្រោះអ្វីដែលោក ខឹម វាសនា ចង់បានគឺចង់ឲ្យរាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោក តែសម្ដេចថា មិនចូលអន្ទាក់របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឡើយព្រោះសភាពការយប់មិញគេចង់ផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងទៀតថា រាជរដ្ឋាភិបាល មិនចូលអន្ទាក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ ដោយអ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវខ្ញុំ គួរតែនិយាយទៅកាន់ឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជាបងប្អូនអ្នកដែលគាំទ្រខ្ញុំ ដែលយប់មិញនេះ បានបង្ហាញពីកំហឹង​ពុះកញ្ជ្រោល អំពីសារដ៏ធ្ងន់ធ្ងរដែលឯកឧត្ដម ខឹម វាសនា បានធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វរហូតអាខ្វាក់ ប៉ុន្តែជាបន្ទាន់ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឲ្យសោះ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីយប់មិញ បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច នៅខេត្តសៀមរាប មិនត្រូវធ្វើសកម្មភាពអ្វីនោះទេ។ សម្ដេចតេជោ បានបន្ថែមថា «សូមកុំមើលមួយជ្រុង បងប្អូនយើងមើលមួយជ្រុង វាយមកខ្ញុំ តាម Whats app ផង តាម Telegram ផងថា ទ្រាំមិនបានទេ ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា អ្វីដែលលោក ខឹម វាសនា ចង់បានគឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម តែប្រសិនបើរាជរដ្ឋាភិបាល ធ្វើយ៉ាងដូច្នេះ គឺនឹងចូលអន្ទាក់របស់លោក ខឹម វាសនា តែម្ដង៕

Facebook Comments
Loading...