សម្ដេចក្រឡាហោម ស ខេង ព្រមាន ដកក្របខណ្ឌ័នឹងបញ្ជួនទៅតុលាការ បើលោកឧត្តមសេនីយ៍ យស ផន អតីតនាយកសាលានគរបាល  មិនព្រមប្រគល់ដីមកឱ្យសាលាវិញទេ

0
325

ស្ទឹងត្រែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានលុបឈ្មោះអតីតនាយកសាលានគរបាលជាតិភូមិភាគ១ លោកឧត្តមសេនីយ៍ យស ផន ដែលបច្ចុប្បន្នជាគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាចេញពីក្របខ័ណ្ឌនគរបាលជាតិ និងត្រូវប្រឈមមុខតាមផ្លូវតុលាការ ប្រសិនបើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបនេះ រឹងទទឹងមិនព្រមប្រគល់ដីសាលាដែលខ្លួនធ្លាប់គ្រប់គ្រង និងត្រូវសាលាអះអាងថាបានរំលោភយកនោះ មកឱ្យសាលាវិញ។

ការព្រមានក្នុងន័យផ្ដល់ជម្រើសឬផ្លូវដើរ ឱ្យលោកឧត្តមសេនីយ៍ យស ផន ពិចារណា ពីសម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ នាឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលជាតិនៃសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។ គឺជាការលើកឡើងបន្ទាប់ពីសម្ដេចបានស្ដាប់របាយការណ៍លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១។ លោកបានរាយការណ៍ជូនសម្ដេចចំៗនូវឈ្មោះ លោកឧត្តមសេនីយ៍ យស ផន ថាកំពុងមានទំនាស់ដីធ្លីជាមួយសាលា។

ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ បានរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ក្នុងន័យដើមថា «ទំនាស់រ៉ៃរៃបញ្ហាដីរបស់សាលាដែលកើតមានចាប់តាំងពីឆ្នាំ២០១៣មក ការដោះស្រាយតាមផ្លូវរដ្ឋបាលផង តាមផ្លូវតុលាការផងក៏នៅតែមិនទាន់បានសម្រេចនៅឡើយ។ បញ្ហានេះបង្កឡើងដោយអតីតនាយកសាលា ឧត្តមសេនីយ៍ យស ផន បច្ចុប្បន្នគាត់ជាគ្រូនគរបាលជាតិនៅបណ្ឌិត្យសភានគរបាលកម្ពុជា»។ លោកបន្តថាករណីនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានគោរពស្នើសុំសម្ដេចក្រឡាហោម ដើម្បីឱ្យអគារធិការដ្ឋានចុះធ្វើអធិការកិច្ច និងលើកយោបល់ ហើយសម្ដេចក្រឡាហោមក៏បានឯកភាពលើសំណើរ និងយោបល់របស់អគារធិការដ្ឋានរួចហើយកាលពីថ្ងៃទី២ ខែសីហា ឆ្នា២០២២។ លោកថា«ថាបណ្ឌិត្យសភានគរបាលកម្ពុជាត្រៀមអនុវត្តនីតិវិធីដើម្បីដោះស្រាយបញ្ហានេះតាមផ្លូវរដ្ឋបាលផង និងផ្លូវតុលាការផង»។

ក្រោយស្ដាប់របាយការណ៍នេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ឱ្យមន្រ្តីពិនិត្យមើលលិខិតដែលអតីតអភិបាលខេត្តស្ទឹងត្រែងបានប្រគល់ដីមកឱ្យបង្កើតសាលានគរបាលជាតិភូមិភាគ១។ សម្ដេចអះអាងថាលិខិតនោះប្រាកដជាបានកំណត់ពីទំហុំដីច្បាស់លាស់។ សម្ដេចបន្ថែមថា«ឥលូវតាមខ្ញុំ ជម្រើសមានតែ២ទេ! ជម្រើសទី១ បើសិនគាត់សុខចិត្តរក្សាតំណែងគាត់នៅក្នុងក្របខ័ណ្ឌនគរបាល ជាគ្រូនគរបាលតទៅទៀត គាត់ត្រូវប្រគល់ដីហ្នឹងមក»។សម្ដេចបានអះអាងទៀតថា«ពីព្រោះដីហ្នឹងជាដីរដ្ឋ មានដីឯណារបស់គាត់! តែបើគាត់មិនប្រគល់ដីហ្នឹង ជម្រើសមានតែមួយ បានន័យថាគាត់ត្រូវដើរចេញពីក្របខ័ណ្ឌហើយមិនរួចខ្លួនទៀត ទៅដល់ផ្លូវតុលាការ។ តែយើងគិត មិនមែនថាមិនគិតទេ គឺជម្រើសទី១ ចង់និយាយថាយើងប្រគល់ដីសមស្របណាមួយឱ្យគាត់ដើម្បីធ្វើផ្ទះសម្បែង…តែបើគាត់នៅតែរឹងទទឹងអ៊ីចឹង អាហ្នឹងមានតែដើរចេញពីនគរបាល។

សូមបញ្ជាក់ថា សាលានគរបាលជាតិភូមិភាគ១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ សាលាបានទទួលបណ្ដុះបណ្ដាលមន្រ្តី និងសិស្សនគរបាលមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ រហូតដល់ពេលនេះបានបណ្ដុះបណ្ដាលនគរបាលសរុបចំនួន ៥.៨៧៦នាក់ ក្នុងនោះនារី ៤១៦នាក់ ខណៈឆ្នាំ២០២២ បានបញ្ចប់ការបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន១លើក មានសិស្សជ័យលាភី១៧៧នាក់ និងបច្ចុប្បន្នកំពុងបណ្ដុះបណ្ដាលសិស្សចំនួន១១៨នាក់៕

Facebook Comments
Loading...