ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយ ឱម៉ាល់ទិចចោទគ្រូពេទ្យក្រុងស្វាយរៀងយឺតយ៉ាវបញ្ជូន ទើបកូនគាត់ស្លា.ប់ គ្រាន់តែថ្លៃឡានពេទ្យទៅមក៣០០ដុល្លា

0
589

ខេត្តស្វាយរៀង ក្មេងស្រីរងគ្រោះម្នាក់ ជិះកង់ទៅតាមតា ឃ្វាលគោ ក៏ត្រូវឱម៉ាល់ ព្រួតទិចនាងជាច្រើនមេ លើដងខ្លួននិងផ្ទៃមុខ តែជាអកុសល នាងបានស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ហើយក្រុមគ្រួសារកុមារីរងគ្រោះ ចោទថា ក្រុមគ្រូពេទ្យខេត្តស្វាយរៀង គ្មានលទ្ធភាព មិនព្រមបញ្ជូនកូនរបស់គាត់ទៅភ្នំពេញ ទុកពន្យារពេលជាច្រើនម៉ោង រហូតកូនរបស់គាត់ ហួសពេល ស្លា.ប់នៅលើឡានពេទ្យ។ តែយ៉ាងណា ក្រោយពីមានហេតុការណ៏នោះខាងមន្ទីរពេទ្យក៏បាន ចេញសេចក្តីបំភ្លឺ ពីមូលហេតុ មួយចំនួននាំឲ្យក្មេងស្រីរងគ្រោះស្លាប់។

ករណីឱម៉ាល់ទិចក្មេងស្រីនោះ បានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចភ្លឺបឹងតាបែន ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយពីផ្ទះ ២០០ម៉ែត្រ។ ស្ត្រីឈ្មោះ ហ៊ូ ស៊ីណា ត្រូវជាម្តាយក្មេងស្រីរងគ្រោះ និងឳពុកឈ្មោះ ខៀវ ថេន អាយុ ៣៥ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ កូនស្រីឈ្មោះ ភឿន ចន្ថា អាយុ ៧ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ២ធ្នូ បានជិះកង់ទៅលេងនៅវាលស្រែ ទៅតាមជីតា ទៅឃ្វាលគោ នៅមាត់បឹងតាបែន ខណៈដែលកំពុងជិះកង់ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបោកបក់ បណ្តាលឲ្យដាច់ធ្លាក់សំបុកឱម៉ាល់ពីលើចុងត្នោត ធ្លាក់មកដីទាំងសំបុក ប៉ុនល្អីគ្រាង ចំពីមុខកង់ជនរងគ្រោះ ខណៈនោះស្រាប់តែសត្វឱម៉ាល់ ហើរចេញពីសំបុក មកព្រួតអុចទិចលើខ្លួនប្រាណ សុះខ្លួន ប្រមាណ១០០មេ។ នាងក៏ផ្តួលកង់ រួចរត់ចេញ ហើយស្រែកហៅតាឱ្យជួយ។ លោកតា ក៏រត់ទៅជួយ ចម្ងាយពីសំបុកឱម៉ាល់ប្រមាណជា ៥០ម៉ែត្រ។ សត្វឱម៉ាល់ ក៏លែងដេញ បានហើរទៅសំបុកវិញ។ ពេលនោះ ក្មេងស្រីរងគ្រោះ ឈឺចុកចាប់យ៉ាងខ្លាំង ក៏ប៉ុន្តែមានស្មារតីរឹងមាំ ជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯង ហើយបានឱ្យឳពុកម្តាយ ដឹកនាងតាមម៉ូតូ ទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

ប្រភពបន្តទៀតថា ពេលទៅដល់មន្ទីរពេទ្យខេត្ត គឺនៅវេលាម៉ោង ៥ និង០០នាទីល្ងាច ក្រុមគ្រូពេទ្យទៅធ្វើតេស្តកូវីដ១៩ លទ្ធផលអវិជ្ជមាន ទើបពេទ្យឱ្យឳពុកបីកូន ទៅអាគារកុមារ រួចបន្តោងសេរ៉ូមមួយកំផ្លោក និងចាក់ថ្នាំ ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោ ៧ និង ៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់ មកមើល ហើយនិយាយថា កូននេះ ធ្ងន់ហើយ បើមានលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញទៅ ហើយក៏ទៅបាត់។ ក្រោយមកមានគ្រូពេទ្យក្មេងៗ ២នាក់ មកមើល គាត់និយាយថា «បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ» ខណៈនោះ គ្រូពេទ្យសុំទុកតាមដានរយៈពេល ១ម៉ោងទៀតសិន មិនអីទេ ចាំឲ្យកូននោមសិន ក្រែងធូ។ ក៏ប៉ុន្តែកូនស្រីគាត់ កាន់តែឈឺចុកចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង ៨ និង១០នាទីយប់ ទើបបញ្ជូន ហើយបានហៅរថយន្តសាមុយឯកជន ឲ្យមកដឹក។ ម្ចាស់រថយន្តយកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ ដោយរថយន្តសាមុយឯកជននោះ ចាស់ បើកយឺត រហូតដល់ម៉ោង ១០ និង៣០ យប់ ទើបដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។ ពេលគ្រូពេទ្យ លើកយកកូនចុះពីរថយន្ត ក៏នាងបានដាច់ខ្យល់ស្លា.ប់តែម្តង។ម្តាយក្មេងស្រីរងគ្រោះ បាននិយាយទាំងអួលដើមកថា អាណិតកូនស្រីខ្លោចចិត្ត និយាយរហូតឱ្យគ្រូពេទ្យជួយ និយាយរហូតដល់នាងដាច់ខ្យល់ស្លា.ប់។ អ្វីដែលកាន់តែហួសចិត្តនោះ រថយន្តសាមុយ ដែលដឹកកូនគាត់ទៅយក ១៨០ដុល្លារ ហើយពេលស្លា.ប់ដឹកត្រឡប់មកវិញ យកថ្លៃដឹកសព ១២០ដុល្លារទៀត។ ម្តាយ និងឪពុកក្មេងស្រីរងគ្រោះ បានសំណូមពរដល់លោកប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង មេត្តា ចុះអធិការកិច្ចលើបញ្ហាគ្រូពេទ្យ មិនសូវយកចិត្តទុកដាក់ផ្តល់សេវា ថែទាំព្យាបាលអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យរដ្ឋ សូមឱ្យក្រុមគ្រូពេទ្យ ទទួលខុសត្រូវចៀសវាងគ្រោះថ្នាក់ដល់ជនរងគ្រោះផ្សេងទៀត ជាពិសេសឡានពេទ្យ យកថ្លៃពេក។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បាន ចេញលិខិតបំភ្លឺ ជូនសាធារណៈជន និងក្រុមគ្រួសារនៃសព ចំពោះករណីមរណៈភាពកុមារីឈ្មោះ ភឿន ចាន់ថា ភេទសី អាយុ៧ឆ្នាំ អាស័យដ្ឋានភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានចូលមកសម្រាកនៅ មន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោង១៧:១១ នាទី ដោយ មូលហេតុឱម៉ាល់ទិចប្រហែលលើសពី៣០ទ្រនិច នៅលើដៃទាំងសងខាង ជើងទាំងសងខាង នៅលើក្បាល និង ដងខ្លួន ដែលតម្រូវឲ្យក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម។ នៅវេលាម៉ោង១៧:៤០នាទី ក្រុមគ្រូពេទ្យបានធ្វើការ វាយតម្លៃពីស្ថានភាពអ្នកជំងឺឡើងវិញដោយពិនិត្យឃើញថាជាតិពុលរបស់សត្វទិចបានពុលទៅលើសរីរាង្គសំខាន់ៗ គ្រប់ទីកន្លែងដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកដង្ហើម ប៉ុន្តែក្រុមគ្រូពេទ្យនៅតែបន្តការព្យាបាល ដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសពពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្ដាលឲ្យអ្នកជំងឺ គ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្គ្រោះអស់រយៈពេលជាង២ ម៉ោងស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ។ នៅវេលាម៉ោង ២០:១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្តធ្វើការបញ្ជូន អ្នកជំងឺ តាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាំងស្ថានភាពនៅតែធ្ងន់ធ្ងរដែលបានទៅដល់មន្ទីរពេទ្យ នៅវេលា ម៉ោង២២:១៥នាទី។ សាកសពកុមារីត្រូវបានរថយន្តសង្គ្រោះដឹកជូនដល់លំនៅដ្ឋានដោយពុំគិតថ្លៃសេវាដឹកជញ្ជូន រីឯថ្លៃសេវាដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញក៏បានប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជាការចូលរួមរំលែកទុក្ខ ផងដែរ។មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព កុមារី ភឿន ចាន់ថា ដោយក្តីក្រៀមក្រំក្រៃលែង៕

Facebook Comments
Loading...