អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

0
293

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវ តាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់។

ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទសូមបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗ មុនពេលប្រមុខរាជរដ្ឋាភិបាលបានលុប។ លោកបានបន្តថា ដំបូងឡើយ ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិក្នុងការវិនិយោគគោលបំណងនោះ គឺឱ្យបងប្អូនមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងនេះបានត្រឹម៣០ដុល្លារ ទៅ៦០ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត៦១%ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសឱ្យទទួលបានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលក៏សម្រេចចិត្តឲ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។ កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិត ថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើឱ្យយអ្នកនេះធ្វើឲ្យអ្នកនោះជាការលាបពណ៌ដ៏សាហាវ។

ខ្ញុំផ្ដល់ប្រវត្តិខ្លះៗជូនពុកម៉ែបងប្អូន ខ្ញុំចាប់កំណើតក្នុងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានឪពុក ឈ្មោះ ឡុង យឿន មុខរបរជាអ្នករែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់ចោលនៅពេលដែលខ្ញុំទៅធ្វើពលករនៅប្រទេសកូរ៉េបានពីរឆ្នាំ។ បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដីឪពុកខ្ញុំតាំងពីអាយុ១២ឆ្នាំ ដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។

មកដល់ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគលះបង់ជួយសង្គមជួយអ្នកជុំវិញខ្លួន ខ្ញុំមិនដែលមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ។ ខ្ញុំពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដែលជាការចោទប្រកាន់ដ៏អាក្រក់បំផុត។

ក្រុមហ៊ុនមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធមានកូនមានឪពុកម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំមិនអាចអោបដៃឈរមើល ការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។

វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់នេះជាការឈឺចាប់បំផុត ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ដ៏អាក្រក់ជាការបំផ្លាញដល់កិត្តិយសខ្ញុំក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ។

ខ្ញុំសូមបដិសេដ៣ចំណុច និងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ

១៖ ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេតសិក្សាឃើញថាខ្ញុំបានលក់ឈើ១មីលីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក។

២៖ ការចោទប្រកាន់ថាលាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។

៣៖ មានអ្នកនៅពីក្រោយ។

ចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។ អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់នាក់។

សូមអភ័យទោសនូវពាក្យសម្ដីលើសលួសណាមួយចំពោះពុកម៉ែបងប្អូន ខ្ញុំបាទសូមលើកដៃសំពះគោរពលា៕

Facebook Comments
Loading...