ភ្ញៀវទេសចរទៅលេងទឹកធ្លាក់ថ្មក្រាលជាច្រើននាក់ ម្នាក់ៗភ័យព្រលឹង ខ្លះស្រែកយំ ខ្លះទៀតរត់តោងនិងឡើងដើមឈើ ស្រែកឲ្យគេជួយ ក្រោយពីភ្លៀងធ្លាក់ខ្លាំង ដូចទឹកបាក់ទំនប់ 

0
164

កំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតនៅរមណីយដ្ឋាន«ទឹកធ្លាក់ថ្មក្រាល» ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  មានករណី  ភ្ញៀវទេសចរទៅលេងទឹកធ្លាក់ថ្មក្រាលជាច្រើននាក់ បានរងការភិតភ័យព្រលឹងចុងសក់ ខ្លះស្រែកយំផង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកជន់លិចកន្លែងលេង ហើយខ្លះបានរត់ឡើងដើមឈើ ស្រែកឲ្យគេជួយ។

អ្នកទៅលេងកម្សាន្តទីនោះឲ្យ ដឹងថា កាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ (ថ្ងៃដដែល) មេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ផ្នែកខាងលើ និងនៅកន្លែងលេងកំសាន្តទឹកធ្លាក់ថ្មក្រាល។ ពេលនោះ សហគមន៍ទេសចរណ៍ ក៏បានប្រកាសតាមឃោសនស័ព្ទ ឲ្យបងប្អូនឡើងចេញពីទឹក ព្រោះជាទម្លាប់ឲ្យតែភ្លៀងធ្លាក់បែបនេះ ទឹកនឹងជន់ហូរលិចជាក់ជាមិនខាន។ ពេលនេះ បងប្អូនខ្លះក៏ឡើងមកត្រើយម្ខាងបែកខាងដាក់រថយន្ត ម៉ូតូ និងច្រកចូល។ ចំណែកបងប្អូនខ្លះទៀត ក៏នៅតែបន្តលេងនៅត្រើយម្ខាង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែទឹកធ្លាក់បាទធ្លាក់យ៉ាងខ្លាំង ជាទឹកពណ៌ខ្មៅល្អក់ ដូចបាក់ទំនប់ មកផ្នែកខាងលើ បណ្ដាលឱ្យជាប់បងប្អូន ភ្ញៀវទេសចរប្រមាណជាង១០នាក់ មិនអាចឡើងមករួច ហើយទឹកបានបន្តជន់ឡើងយ៉ាងលឿនជាបន្តបន្ទាប់ បណ្ដាលឱ្យលិចស្ពានឆ្លង និងលិចទីទួលលេងកម្សាន្តផងដែរ ។ក្នុងសភាពអាសន្ននោះ បងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរ ខ្លះបានរត់ឡើងដើមឈើ និងស្រែកយំឲ្យគេជួយ។ ក្នុងគ្រានោះដែរ សមា​ជិក​សហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល បានអន្តរាគមន៍ទាញខ្សែពួរ ចងកាត់ទទឹងអូ រដើម្បីរំដោះយកភ្ញៀវទេសចរម្ដងម្នាក់ម្ដាក់ៗ រហូតដល់អស់។ ទោះយ៉ាងណា ពុំមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែរបស់មួយចំនួនត្រូវបានបាត់ហូរទៅតាមទឹកអស់។

លោក អ៊ឺត អូន ប្រធានសហគមន៍ទឹកធ្លាក់ថ្មក្រាលបានប្រាប់ឲ្យដឹងថា ចាប់តាំងពីរដូវវស្សាចូលមកដល់ គឺភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្តែជាធម្មតាទឹកធ្លាក់តិចតួចតែប៉ុណ្ណោះ ពុំមានជំនន់ដូចថ្ងៃនេះទេ។ ដោយឡែក នៅថ្ងៃនេះ ភ្លៀងបានធ្លាក់នៅតំបន់ថ្មក្រាលនិងផ្នែកខាងលើយ៉ាងខ្លាំង បណ្ដាលឲ្យទឹកហូរបុកឡើងយ៉ាងគំហុក មានកម្ពស់ប្រមាណជិត១ម៉ែត្រ មកពីលើតែម្ដង។ មុនពេលកើតហេតុ ខាងសហគមន៍ទេសចរណ៍បានប្រកាសតាមឃោសនស័ព្ទ ឲ្យបងប្អូនឡើងចេញពីទឹកមកត្រើយម្ខាង ហើយបងប្អូនខ្លះក៏មក បងប្អូនខ្លះក៏សំងំនៅលេងបន្ត នៅផ្នែកត្រើយម្ខាងខ្លះនៅលើកោះ ទើបមានបញ្ហាបែបនេះកើតឡើង ។ ក្នុងនាម លោកជាប្រធានសហគមន៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទៅលេងទឹកធ្លាក់ថ្មក្រាល ប្រសិនបើមានមេឃខ្មៅនិងភ្លៀងធ្លាក់នៅខាងលើ សូមប្រញាប់ឡើងចេញពីទឹកជាបន្ទាន់៕

Facebook Comments
Loading...