សម្ដេចតេជោ ហ៊ុន សែន ! បច្ចប្បន្នពិភពលោកបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់ ដោយសារបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម

0
124

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែន​ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេស​ចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដានេះថា បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មបានបង្កើតឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជំងឺកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ច្រើនជាងគេ ទៅលើវិស័យទេសចរណ៍ ខណៈវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្មមួយចំនួនទៀត បានងើបឡើងវិញជាបណ្ដើរៗហើយ។ ប៉ុន្តែវិស័យទេសចរណ៍ ស្ថិតនៅក្នុងស្ថានភាពរើបៗឡើង។ បន្ទាប់ពីនេះបច្ចប្បន្ន បញ្ហាថ្មីទៀតក៏បានមកដល់ ដែលបានអាចបំផ្លាញវិស័យទេសចរណ៍នេះថែមទៀត នោះនៅត្រង់ថា ចាប់ពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងទណ្ឌកម្ម ដែលបានបង្កើតឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «បញ្ហាវាមិនគ្រាន់តែបញ្ហាសង្គ្រាមនៅអ៊ុយក្រែនទេ ក៏ប៉ុន្តែវាក៏ផ្ដើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះវាក៏បង្កើតឲ្យមានចលាចលទីផ្សារទូទាំងពិភពលោក ការព្រមានជាបន្តបន្ទាប់ IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្ដាប្រទេស គឺមានការកើនឡើង»។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា បញ្ហាខាងលើនេះ ក៏ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក ហើយជាពិសេសសំបុត្រយន្ដហោះ អាចនឹងឡើងថ្លៃមួយជាពីរ ដែលនេះហើយជាផលប៉ះពាល់ ដោយអាចបង្កការរំខានទៅដល់វិស័យទេសចរណ៍៕

Facebook Comments
Loading...