អភិបាលខណ្ឌព្រែកព្នៅ ណែនាំដល់ចៅសង្កាត់ពន្សាំង អណត្តិថ្មី និង ក្រុមប្រឹក្សាសង្កាត់ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន បន្ថែមទៀត និងខិតខំបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ

0
126

ភ្នំពេញ ៖ ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ពន្សាំង អាណត្តិទី៥នា ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ បានណែនាំ ដល់ ចៅសង្កាត់ ចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យមាន ការរីកចម្រើនបន្ថែមទៀត លើគ្រប់វិស័យ ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការ  ផ្តល់សេវាសង្គម ការកសាង និង ពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។

លោក អភិបាលខណ្ឌព្រែកព្នៅ បានបន្ដថា ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។ត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។បន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ត្រូវបន្តអនុវត្តដីកា សេចក្តីសម្រេច និងលិខិត បទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ។ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជន ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។ត្រូវផ្តល់សេវាសាធារណះលើគ្រប់វិស័យជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតប និងដោះស្រាយ សំណើ សំណូមពរ និង តម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែកក្កដានេះ នៅក្នុងខណ្ឌព្រែកព្នៅមានការប្រកាសសុពលភាពដល់ក្រុមប្រឹក្សាសង្កាត់ ចំនួន៤គឺសង្កាត់ ពន្សាំង សង្កាត់ពញាពន់ សង្កាត់ សំរោង និង សង្កាត់ព្រែកព្នៅ ហើយនៅថ្ងៃស្អែក នឹងបន្ដប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ គោករកា ដែលជាសង្កាត់ចុងក្រោយក្នុងខណ្ឌព្រែកព្នៅ ។

សូមជម្រាបជូនថា យោងតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នើត  សម្រាប់ខណ្ឌព្រែកព្នៅ  គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតច្រើនជាងគេ លើសលុបលើគណបក្សផ្សេងៗ ដោយទទួលបានតួនាទី ជាប្រធានក្រុមសង្កាត់ទាំង៥ក្នុងចំណោម៥សង្កាត់ នៃខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...