សង្ឈ១អង្គ តាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ រងនូវការចោទប្រកាន់ថា ប្រើល្បិចបោកបញ្ឆោត ចាប់រំលោភកូនស្រីអ្នកជម្ងឺរហូតមានផ្ទៃពោះ២ង ហើយបដិសេធថាទាល់តែពិនិត្យ DNA ទើបដឹង

0
147

កំពង់ស្ពឺ ៖ បុគ្គលជាសង្ឃ ដែលតាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ បានរងនូវការចោទប្រកាន់ពីនារីម្នាក់ ពីបទលួងលោម បោកបញ្ឆោត ដោយប្រើល្បិចថា «ទាល់តែកូនស្រីបូជាខ្លួនប្រាណ ទើបគេដោះអំពើឲ្យម្ដាយនាងបាន » ដោយសារភាពឆោតល្ងង់ នាងក៏ត្រូវបុគ្គលជាសង្ឃ ចាប់រំលោភកូន ជាច្រើនលើកច្រើនដង រហូតដល់មានផ្ទៃពោះ   និងយកកូនចេញ ថែមទៀតផង តែបុគ្គលជាសង្ឃរូបនោះ បដិសេធ ថាទាល់តែកូននោះកើតមក ពិនិត្យ DNA ទើបដឹង។

ក្រោយពី មានការ ប្តឹងផ្តល់ ពីនារីរងគ្រោះនិងក្រុមគ្រួសារ  ខាងធម្មការ និងអាជ្ញាធរសមត្ថកិច្ច រួមទាំងមន្ត្រីសង្ឈ ពុទ្ធិបរិសទ្ទ ចំណុះជើងវត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានកិច្ចជួបជុំមួយ ក្រោមអធិបតីភាពព្រះឧត្តមមុនីវង្សា សូ ចាន់ អនុគុណស្រុកគងពិសី ព្រមទាំងមន្ត្រីសង្ឃ តាមឋានានុក្រម រួមទាំងអាជ្ញាធរ បានជួបជុំ នៅសាលាធម្មសភា ក្នុងវត្តឥសីគិរីជុំ ហៅ វត្តត្រពាំងឬស្សី ដែលជាវត្តកើតហេតុ ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តទល់រវាង ក្មេងស្រីរងគ្រោះ និងបុគ្គល ឈ្មោះសៀវបុត្រាថានុន ភេទជាសង្ឃ នៅចំពោះមុខអង្គពិធី ដោយមានការសូត្រអំពីវិន័យ និងការសួរដេញដោលចំពោះមុខគូភាគីទៀតផង។

នៅចំពោះ មុខ ក្មេងស្រីរងគ្រោះ អាយុ ២២ឆ្នាំ រស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២១ ពេលដែលឪពុកនាង នាំម្ដាយ ដែលមានជំងឺទៅវត្តខាងលើ ជួបជាមួយបុគ្គលទ្រុស្តសីលរូបនេះ ឱ្យជួយពិនិត្យមើល ពេលនោះ បុគ្គល សៀវ បុត្រាថានុន បានប្រាប់ថា ម្ដាយរបស់នាង ត្រូវអំពើរបស់គេ ទាល់តែស្នាក់នៅព្យាបាលជាមួយគេ ទើបជា។ ចាប់តាំងពីពេលនោះមក នាង ក៏ស្នាក់នៅកំដរម្ដាយ ដើម្បីព្យាបាលជំងឺ។ ថ្ងៃមួយអំឡុងខែឧសភា ឆ្នាំ២០២១ បុគ្គលសៀវ បុត្រាថានុន បានហៅនាងទៅជួប ហើយនិយាយថា ទាល់តែនាងបូជាខ្លួនប្រាណឱ្យរូបគេ ទើបគេដោះអំពើឲ្យម្ដាយនាង។ បន្ទាប់មកច្រើនថ្ងៃ ឈ្មោះបុត្រាថានុនរូបនេះ បានហៅនាងឲ្យទៅជួបនៅជិតកន្លែងដាក់ព្រះ និងបានធ្វើសកម្មភាពចាប់រំលោភរូបនាង រហូតបានសម្រេច បើទោះជានាងខំរើបំរាស់យ៉ាងណា ក៏មិនអាចផុតពីក្រញាំដៃរបស់បុគ្គលទ្រុស្តសីលរូបនេះដែរ។

ក្រោយពីប្រព្រឹត្តមកលើរូបនាងហើយ ជនរូបនេះ បាននិយាយគំរាមរូបនាង មិនឲ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយ គេនឹងសម្លាប់នាងចោល ហើយមិនដោះអំពើឲ្យម្ដាយនាងទៀត។ ដោយខ្លាចការគំរាមរបស់បុគ្គលរូបនេះ ព្រមទាំងចង់ឲ្យម្ដាយបានជាសះស្បើយផងនោះ នាងសុខចិត្តខាំមាត់សង្កត់ចិត្ត បៀមទុក្ខតែម្នាក់ឯង មិនហ៊ាននិយាយរឿងនេះ ប្រាប់ដល់អ្នកណាឡើយ សូម្បីតែម្ដាយរបស់នាង។ រំលងបានជាង មួយខែ នាងបានប្រាប់បុគ្គលសៀវ បុត្រាថានុន ថា នាងមានផ្ទៃពោះមួយខែហើយ ពេលនោះបុគ្គលរូបនេះ បានទិញថ្នាំអោយនាងលេប ដោយប្រាប់ថា ជាថ្នាំសុខភាព ពេលដែលនាងលេបហើយស្រាប់តែមានអាការៈធ្លាក់ឈាមទាំងដុំៗ។ ពេលនោះ នាងនៅមិនទាន់ហ៊ានប្រាប់ម្ដាយនោះទេ។ បុគ្គលសៀវបុត្រាថានុន តែងតែ គំរាមនាងថា បើនាងហ៊ានប្ដឹង ឬយករឿងនេះ ទៅប្រាប់អ្នកណា គេមិនទុកជីវិតឱ្យនាងឡើយ ហើយក៏មិនដោះអំពើឲ្យម្ដាយនាងដែរ។ ដោយសារតែខ្លាចការគំរាមរបស់បុគ្គលរូបនេះ និងចង់ឲ្យម្ដាយបានជាសះស្បើយ រស់រៀនមានជីវិត នាងក៏ខាំមាត់សង្កត់ចិត្តជាថ្មីម្តងទៀត។  ក្រោយមក ទៀត បុគ្គលរូបនេះ តែងតែហៅនាងទៅបម្រើតណ្ហារបស់គេ នៅក្នុងបរិវេណវត្តជារឿយៗ ដែលរហូតមកដល់ពេលនេះ នាងមានផ្ទៃពោះសាជាថ្មីម្ដងទៀត រយៈពេល ៤ខែហើយ។ លើកក្រោយនេះ បុគ្គលរូបនោះ បានសន្យាឲ្យលុយនាងចំនួនមួយម៉ឺនដុល្លារ ដើម្បីទុកចិញ្ចឹមកូន និងកុំយករឿងនេះ ទៅប្រាប់អ្នកណា តែការសន្យារបស់បុគ្គលនេះ បានត្រឹមតែសន្យាខ្យល់ហើយមិនអនុវត្តនោះទេ។

ករណីនេះ មន្ត្រីសង្ឃ បានប្រាប់ឲ្យបុគ្គលសៀវ បុត្រាថានុន ចាកចេញពីវត្តនេះ ហើយប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដោយសន្តិវិធី។ ប៉ុន្តែបុគ្គលរូបនេះ បានបដិសេធមិនព្រមចាកចេញ ថែមទាំងនិយាយថា បើចង់អោយរូបគេទទួលខុសត្រូវ ទាល់តែរង់ចាំឱ្យកូនកើតសិន និងឱ្យធ្វើការពិនិត្យ DNA បើដូចគេ គេនឹងទទួលខុសត្រូវ។ ចំណែកលោកអាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលដឹងរឿងនេះ បានសំដែងនូវការមិនពេញចិត្ត ចំពោះបុគ្គលសៀវ បុត្រាថានុននេះឡើយ និងសំណូមពរឲ្យចាកចេញពីវត្តដោយខ្លួនឯង។ បើមិនដូច្នោះទេ ប្រជាពុទ្ធបរិស័ទ នឹងធ្វើបាតុកម្មបណ្ដេញចេញ មិនឲ្យនៅវត្តនេះទៀតឡើយ។ បើយោងតាម ទោសរបស់បុគ្គលរូបនេះ បើតាមលោកអាចារ្យមួយរូប បានបញ្ជាក់ថា ករណីភិក្ខុសេពមេថុន ត្រូវមានទោសបរាជិក(ចាប់ផ្សឹក)។ តែយ៉ាងណាក៏ដោយ បុគ្គលរូបនោះ មិនទាន់ត្រូវបាន ចាប់ផ្សឹកបុគ្គលរូបនេះ ដើម្បីឱ្យច្បាប់ ចាត់ការនៅឡើយទេ។ ដោយឡែក លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីកំណត់បទល្មើស៕

Facebook Comments
Loading...