អង្គការណាតូបានរៀបចំខ្លួនដើម្បីប្រឈមមុខនឹងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ មិនមែនទើបតែភ្ញាក់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈនេះទេ

0
409

បរទេស ៖ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលបញ្ចប់ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីតថា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូបាននិងកំពុងរៀបចំខ្លួនដើម្បីប្រឈមមុខនឹងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។

លោកអគ្គលេខាធិការអង្គការរូបនេះបាន «យើងពិតជាបានរៀបចំសម្រាប់លទ្ធភាពនេះអស់រយៈពេលជាយូរមកហើយ។ វាមិនដូចជាថា អង្គកាណាតូទើបតែភ្ញាក់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ហើយមិនមែនទើបតែដឹងថាប្រទេសរុស្ស៊ីមានគ្រោះថ្នាក់នោះទេ»។

លោក Stoltenberg បាននិយាយបន្តទៀតថា «ជាការពិត គឺថាយើងក៏បានរៀបចំសម្រាប់រឿងនេះតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ពីព្រោះនោះជាហេតុផលដែលយើងបានបង្កើនវត្តមានរបស់យើងនៅភាគខាងកើតនៃសម្ព័ន្ធមិត្ត និងជាហេតុដែលសម្ព័ន្ធមិត្តអង្គការណាតូចាប់ផ្តើមវិនិយោគបន្ថែមទៀតទៅលើវិស័យការពារជាតិ»។

លោកបាននិយាយថា លោកខាងលិចព្យាយាមពិភាក្សាជាមួយរុស្ស៊ីមុនពេលប្រតិបត្តិការយោធាពិសេស ប៉ុន្តែរុស្ស៊ីបានបន្តផែនការរបស់ខ្លួន។

កិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីថ្ងៃពុធបានអនុម័តលើគោលគំនិតយុទ្ធសាស្ត្រថ្មីមួយដែលហៅរុស្ស៊ីថាជាការគំរាមកំហែង។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែនដើម្បីឆ្លើយតបទៅនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋដុនបាសស៍។ លោកខាងលិចបានសងសឹកនឹងការសម្រេចចិត្តរបស់រុស្ស៊ីនេះដោយការដាក់ទណ្ឌកម្មដ៏ច្រើនទៅលើប្រទេសនេះ។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមដឹកជញ្ជូនសព្វាវុធ និងឧបករណ៍យោធាទៅកាន់ទីក្រុងគៀវ ដែលមកដល់ពេលនេះមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក៕

Facebook Comments
Loading...