ទំពាំងស្អុយពីរក្រុម បើកឆាតប្រយុទ្ធគ្នាដូចរឿងហុងកុង ហើយគេថតបានបង្ហោះតាមបណ្តាញសង្គម ត្រូវបានឃាត់ខ្លួនមកអប់រំ

0
74

ព្រះសីហនុ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន០៨នាក់ នាំយកមកសាកសួរ ពាក់ព័ន្ធករណីឈ្លោះគ្នាមានកាន់កាំបិតផ្គាក់ ទីប និងដំបង ដេញវាយគ្នា ហើយមានអ្នកថតបាន បង្ហោះតាមបណ្តាញសង្គម TikTok កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

មើលតាមវិដេអូ សកម្មភាព ក្មេងទំនើងទាំង២ក្រុមនោះបានដេញកាប់គ្នាដោយគ្មានញញើតដៃឡើយដោយអ្នកខ្លះមានកាន់បំពង់ទីប អ្នកខ្លះកាន់ដំបងឈើ ហើយអ្នកខ្លះទៀតកាន់កាំបិតផ្គាក់។ លោកវរសេនីយ៌ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ប្រាប់ឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុមនោះ បានសារភាពថាពួកគេបានឈ្លោះប្រកែក រករឿងគ្នាដោយកាន់កាំបិត បំពង់ទីប និងដំបង ក្រោយមានទំនាស់ពាក្យសំដីគ្នា ប៉ុន្តែពុំបានវាយកាប់ចាក់គ្នាឲ្យមានអ្នកណាម្នាក់រងរបួសស្នាមអ្វីឡើយ។

ក្រុមក្មេងទំនើងទាំង៨នាក់នោះ សមត្ថកិច្ចគឺគ្រាន់តែនាំខ្លួនមកណែនាំ កោរសក់ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា ឲ្យពួកគេក្រាបបង្គុំសុំខមាទោស ឪពុកម្តាយ និងប្តេជ្ញាចិត្តថាឈប់ប្រព្រឹត្តអំពើបែបនេះទៀត រួចហើយអនុញ្ញាតឲ្យពួកគេត្រឡប់ទៅលំនៅឋានរបស់ពួកគេរៀងៗខ្លួន។ ក្រុមក្មេងទំនើងទាំង២ក្រុមនោះ គឺរស់នៅក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទាំងអស់ ហើយពួកគេមានអាយុចាប់ពី១៦ឆ្នាំ ទៅ២៤ឆ្នាំ៕

Facebook Comments
Loading...