សម្ដេចតេជោ ហ៊ុន សែន ! គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោ​បាយ និងសន្តិសុខរបស់ជាតិ ដើម្បីធានានូវជីវភាពដ៏សុខសាន្ដរបស់ប្រជាជន

0
170

ភ្នំពេញ ៖ ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោ​បាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ដ ដើម្បីធានានូវជីវភាពដ៏សុខសាន្ដរបស់ប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គី ប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ ​និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកឲ្យបានគង់វង្ស បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យមានការរីកចម្រើនដូចអរិយប្រទេសនានា នៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្ដីស្រលាញ់ ដោយគ្មានការកើតឡើងវិញជាថ្មី នូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទំាងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ដ ដើម្បីធានានូវជីវភាពដ៏សុខសាន្ដរបស់ប្រជាជន ប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព មិនឲ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញបានឡើយ។ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយគ្នានេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយ ទោះចេញពីប្រភពណាក្ដី ដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។លើសពីនេះទៀត បើតាមសម្ដេចតេជោ ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងកិច្ចសហការជាមួយបណ្ដាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយ ល្អប្រសើរប្រកបដោយចរីភាព ជាពិសេសបរិយា កាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន៕

Facebook Comments
Loading...