ល្បិចខ្ពស់មែន ស្ទើរមួយគ្រួសារចាញ់បោក «អាកំសាក» រឿងរត់ការដោះលែងប្តីនិងរឿង ធានាឱ្យចូលធ្វើការ ដល់អស់ប្រាក់ជាង១ម៉ឺនដុល្លារទើបភ្ញាក់ខ្លួន ប្តឹងប៉ូលីសឲ្យឃាត់ខ្លួន

0
283

ភ្នំពេញ ៖ បុរសម្នាក់ ឈ្មោះក្រៅ ហៅអាកំសាក ត្រូវបានជនរងគ្រោះ ស្ទើរមួយគ្រួសារមានបងប្អូន និងប្អូនថ្លៃ បានចាញ់ល្បិច បោកយកលុយ និងម៉ូតូ នឹងរឿងរត់ការដោះលែងគ្រួសារដែលកំពុងជាប់ពន្ធនាគារ និងរឿងធានាឱ្យចូលធ្វើការក្នុងក្រុមហ៊ុន អស់ជាង១ម៉ឺនដុល្លារ ទើបភ្ញាក់ខ្លួន ដឹងថាបាញ់បោក ក៏ប្តឹងប៉ូលីសឲ្យឃាត់ខ្លួន តែម្តង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនោះឈ្មោះឆេង ពិទូ ហៅអាកំសាក អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជងរងគ្រោះ១-ឈ្មោះឈាន ផារី ភេទស្រី អាយុ៣៦ឆ្នាំ, ២-ឈ្មោះឡុង វ៉ារ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់, ៣-ឈ្មោះទួន សាវឿន ភេទស្រី អាយុ២៨ឆ្នាំ, ៤-ឈ្មោះបេង ប៊ុនឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនរងគ្រោះទាំង៤នាក់ត្រូវជាបងប្អូនបង្កើត និងប្អូនថ្លៃនឹងគ្នា សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលបាននិយាយថា កាលពី៦អាទិត្យមុន ស្ត្រីរងគ្រោះឈ្មោះឈាន ផារី ដែលជាអ្នករាប់អានជាមួយប្រពន្ធជនសង្ស័យ ពឹងឱ្យជនសង្ស័យជួយរត់ការដោះលែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ ដោយត្រូវតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែជាប់បាន២ឆ្នាំកន្លងមកហើយ នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះនឹងត្រូវដោះលែង ប៉ុន្តែស្ត្រីរូបនេះចង់ឱ្យប្ដីបានចេញមុនកាលកំណត់។ ពេលនោះពួកគេបានព្រមព្រៀងគ្នាលើថ្លៃសេវារត់ការ ដោយចំណាយ៤ពាន់ដុល្លារ ដើម្បីដោះលែង តែក្រោយពេលប្រគល់ប្រាក់រួច ប្ដីនៅពុំទាន់បានចេញផង ស្ត្រីរូបនេះក៏បានណែនាំឱ្យប្អូនរបស់ខ្លួនស្គាល់ជនសង្ស័យនេះទៀត។ នគរបាលខាងលើបានប្រាប់បន្តទៀតថា ខណៈនោះជនសង្ស័យរូបនេះបានប្រាប់ប្អូនស្ត្រីរងគ្រោះឈ្មោះ ឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន ថា ខ្លួនស្គាល់ថៅកែក្រុមហ៊ុនមួយ ហើយគេកំពុងជ្រើសរើសរកអ្នកគ្រប់គ្រងបន្ទាប់ពីថៅកែ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។ ខ្លួនធានាថានឹងនាំអ្នកទាំង២ចូលធ្វើការបាន ប៉ុន្តែទាល់តែចំណាយប្រាក់ ដើម្បីរត់ការណ៍ ទើបបានចូលធ្វើការទីនោះបាន ពេលនោះក៏មានការចចារគ្នាពីតម្លៃ ហើយបានត្រូវរ៉ូវថ្លៃគ្នាចំនួន៤ពាន់ដុល្លារ ។ បន្ទាប់មកក៏មានយុវជនម្នាក់ទៀតឈ្មោះបេង ប៊ុនឡុង ដែលត្រូវជាប្អូនរបស់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន កំពុងស្វែងរកការងារធ្វើផងក៏បានពឹងពាក់ជនសង្ស័យឱ្យជួយរកការងារឱ្យធ្វើផង ហើយជននោះបានទារថ្លៃរត់ការណ៍ចំនួន៩០០ដុល្លារ ដោយសន្យាថារកការងារជាអ្នកបើកបររថយន្តដឹកអីវ៉ាន់ក្នុងក្រុមហ៊ុននោះដែរ។ តាមប្រភពដដែល បន្តទៀតថា ក្រោយពេលទទួលបានលុយដល់ដៃគ្រប់ចំនួនហើយ ជននេះក៏បានខ្ចីម៉ូតូមួយគ្រឿងម៉ាកហុងដា ZOOMER-X ស៊េរីឆ្នាំ២០១៧ របស់ឈ្មោះទួន សាវឿន ដោយប្រាប់ថាជិះទៅរត់ការ។ ក្រោយបានម៉ូតូខ្លួនយកទៅបញ្ចាំបាត់រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ទើបលេចមុខជននោះទៅផ្ទះជួលជនរងគ្រោះវិញ ពេលនោះជនរងគ្រោះបានសួរនាំរឿងម៉ូតូ ចំណែកជនសង្ស័យបាននិយាយប្រាប់ថា ខ្លួនបានយកម៉ូតូផ្ញើរទុកនៅផ្ទះម្ដាយមីង ហើយឥឡូវម្ដាយមីងរវល់ទៅខេត្តសៀមរាបនិងបានចាក់សោជាប់បាត់ទៅហើយ។ក្រោយនិយាយចប់ ជនសង្ស័យបានខ្ចីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពីឈ្មោះឡុង វ៉ារ៉ាឌី ដោយប្រាប់ថា ជិះទៅបើកលុយប្រាក់ខែឱ្យ ព្រោះអ្នកទាំងអស់គ្នាបានចូលធ្វើការហើយ និងត្រូវថៅកែបើកប្រាក់ខែឱ្យមុន ចំណែករឿងរត់ការណ៍ដោះលែងប្ដីរបស់ឈ្មោះឈាន ផារី ក៏បានជោគជ័យហើយដែរ និងត្រូវដោះលែងនៅថ្ងៃទី១៥ ខែមិថុនាហើយ។ ពេលឮបែបនេះ ក្រុមជនរងគ្រោះបានជឿជាក់ទាំងស្រុង រួចក៏បានឱ្យម៉ូតូទៅជននោះខ្ចីជិះ បន្ទាប់មកជនសង្ស័យបានយកម៉ូតូទៅបញ្ចាំបាត់ទៀត។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ទើបរកឃើញជនសង្ស័យហើយក្រុមជនរងគ្រោះបានលួងលោមឱ្យជនសង្ស័យដេកនៅផ្ទះជួលរបស់ខ្លួន១យប់។ លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ ឱ្យចុះទៅឃាត់ខ្លួនជនកំហូចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕

Facebook Comments
Loading...