លោក ឃួង ស្រេង ដឹកនាំសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រប្រមាណជិត៥០០០នាក់ ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅខណ្ឌព្រែកព្នៅ

0
4055

ភ្នំពេញ ៖ នៅ​ថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ​លោកឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បាន​ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនប្រមាណជិត៥០០០នាក់។ អ្វីចាប់អារម្មណ៍ការដង្ហែរក្បួនក្នុងខណ្ឌព្រែកព្នៅ ​ក៏​មាន​តារា​កំប្លែង​ពីរ​នាក់គឺ​នាយ​ក្រឹម យាយយ៉យ និង​នាយក្រុម​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ​ដែរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខណ្ឌព្រែកព្នៅ បាន​ធ្វើ​ពិជី​ជួបជុំគ្នានៅបុរីភូមិសំរោងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជា ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រួចបន្តក្បួនដង្ហែរឃោសនាក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ​ទាំងមូល។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយ​បានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការបោះឆ្នោត សម្រាប់ខណ្ឌ១៣ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសម្លេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹង មានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់។

លោកប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានមានប្រសាសន៍អរគុណចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានអោយបានរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕

Facebook Comments
Loading...