សម្ដេចមិនទាមទារឲ្យអាមេរិក ដាក់ទោសទៅលើបុគ្គលដែលយកស្បែកជើងគប់មកលើសម្ដេចនោះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះ វាអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ

0
3088

ភ្នំពេញ ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនទាមទារឲ្យអាមេរិកដាក់ទោសអ្នកនេះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះ វាអាស្រ័យលើអាមេរិកតែប៉ុណ្ណោះឯង បើអាមេរិកចាត់ទុកជននេះ គឺជាការសម្ដែងមតិ តាមរបៀបយកស្បែកជើងគប់ក្បាលមនុស្ស គ្រាន់តែជម្រាបទៅអាមេរិកថា បើសិនជារឿងករណីបែបនេះកើតឡើងនៅកម្ពុជា សូមកុំបន្ទោសកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបន្តថា សម្ដេចមិនទាមទារឲ្យអាមេរិក ដាក់ទោសទៅលើបុគ្គលដែលយកស្បែកជើងគប់ មកលើសម្ដេចនៅសហរដ្ឋមអាមេរិកនោះទេ តែបើច្បាប់របស់អាមេរិកអនុវត្តបែបណានោះ គឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អាចស្ដាប់ចំណុចនេះបាន ប្រជាពលរដ្ឋនៅអាមេរិកក៏អាចស្ដាប់បាន និងអ្នកប្រព្រឹត្តក៏អាចស្ដាប់បាន ហើយអ្នកដែលធ្វើបទសម្ភា​ស​ន៍ក៏អាចស្ដាប់បានដែរ។ ម្យ៉ាងទៀត វិទ្យុនានា ក៏មិនគួរយកសម្ដីរបស់សម្ដេច ទៅបំភាន់គេនោះទេ ហើយស្ថានីយ៍ទូរទស្សន៍នានា ក៏ត្រូវកាត់ប្រសាសន៍របស់សម្ដេច ត្រង់ចំណុចខាងលើនេះ យកទៅផ្សព្វផ្សាយឲ្យបានច្រើនផងដែរ៕

Facebook Comments
Loading...